ដោយ៖ វុត្ថា
ភ្នំពេញ៖ សាធារណៈរដ្ឋអាហ្សែបៃហ្សង់ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យចំនួន៤នៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសកំនើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍នេះ។
ក្នុងជំនួបជាមួយលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអាណា អ៊ីម៉ាណូវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបៃហ្សង់ប្រចាំ កម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា អាហ្សែបៃហ្សង់ មានបំណងចង់ធ្វើការវិនិយោគលើវិស័យមួយចំនួនដូចជា ទី១ ការផ្គត់ផ្គង់ឧបករណ៍ និងគ្រឿងចក្រកសិកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ទី២ រៀបចំវេទិកាជំនួបរវាងវិនិយោគិន និងធុរកិច្ចជន នៃប្រទេសទាំងពីរ ដើម្បីសិក្សាពីគម្រោងវិនិយោគ និងធុរកិច្ចរួមដែលមានសក្តានុពល។
ទី៣ ការនាំចេញប្រេង និងឧស្ម័ន និងកិច្ចសហប្រតិបត្តិការលើការរុករកប្រេងនៅកម្ពុជា ទី៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដឹកជញ្ជូននៅកម្ពុជា ដោយផ្តោតសំខាន់លើកំពង់ផែ អាកាសយានដ្ឋាន និងផ្លូវរថភ្លើង និងទី៥ ការជូនដំណឹងអំពីការទទួលបានពង្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម (MoU) ពីភាគីកម្ពុជា។
លោកអ៊ុក ប្រជា បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម សូមស្វាគមន៍ និងលើកទឹកចិត្ត ឲ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់ ពីអាហ្សែបៃហ្សង់មកកម្ពុជា ជាពិសេសលើវិស័យអាទិភាពរបស់កម្ពុជា រួមមាន វិស័យកសិកម្ម ប្រេង ឧស្ម័ន និងទេសចរណ៍ជាដើម។ ក្រសួងក៏យល់ស្របអំពីការរៀបចំវេទិកាជំនួបរវាងវិនិយោគិន និងធុរកិច្ចជនរបស់ភាគីទាំងពីរ ដែលនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរព័ត៌មាន អំពីផលិតផលសក្តានុពល ដែលអាចធ្វើពាណិជ្ជកម្មជាមួយគ្នា ការតាំងពិព័រណ៍ និងគម្រោងវិនិយោគអាទិភាព។
លោកបន្តថា ចំពោះបំណងសិក្សានិងវិនិយោគពីវិស័យប្រេងកាត កសិកម្ម និងដឹកជញ្ជូនដែលសាធារណៈរដ្ឋអាហ្សែបៃហ្សង់ ក្រសួងពាណិជ្ជកម្មកម្ពុជានឹងសម្របសម្រួលស្វែងរកទំនាក់ទំនង (Contact Points) ពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃបណ្តាអន្តរក្រសួង។ ដោយឡែក អំពីករណី MoU ក្រសួងពាណិជ្ជកម្មស្នើមន្ត្រីជំនាញនៃភាគីទាំងពីរអាចធ្វើការជាមួយគ្នា និងពន្លឿនដំណើរការពិនិត្យលើពង្រាងនេះ ដើម្បីថ្នាក់ដឹកនាំអាចពិនិត្យ និងសម្រេចបានទាន់ពេលវេលា៕