សាធារណរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់​បង្ហាញ​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ សាធារណៈរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់ បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​ចំនួន៤នៅ​កម្ពុជា ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ពិសេស​កំនើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​នេះ។

ក្នុងជំនួប​ជាមួយ​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​អាណា អ៊ី​ម៉ា​ណូ​វ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់​ប្រចាំ កម្ពុជា ដែលមាន​និវេសន​ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ លោក​បាន​មានប្រសាសន៍ថា អា​ហ្សែ​បៃ​ហ្ស​ង់ មានបំណង​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​មួយចំនួន​ដូចជា ទី១ ការផ្គត់ផ្គង់​ឧបករណ៍ និង​គ្រឿងចក្រ​កសិកម្ម ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ទី២ រៀបចំ​វេទិកា​ជំនួប​រវាង​វិនិយោគិន និង​ធុរកិច្ច​ជន នៃ​ប្រទេស​ទាំងពីរ ដើម្បី​សិក្សា​ពី​គម្រោង​វិនិយោគ និង​ធុរកិច្ច​រួម​ដែលមាន​សក្តានុពល។

ទី៣ ការនាំចេញ​ប្រេង និង​ឧស្ម័ន និង​កិច្ចសហប្រតិបត្តិការ​លើ​ការរុករក​ប្រេង​នៅ​កម្ពុជា ទី៤ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​កំពង់ផែ អាកាសយានដ្ឋាន និង​ផ្លូវ​រថភ្លើង និង​ទី៥ ការជូនដំណឹង​អំពី​ការទទួលបាន​ពង្រាង​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម (MoU) ពី​ភាគី​កម្ពុជា។

លោក​អ៊ុក ប្រជា បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម សូម​ស្វាគមន៍ និង​លើកទឹកចិត្ត ឲ្យ​មានការ​បណ្តាក់​ទុនវិនិយោគ​ផ្ទាល់ ពី​អា​ហ្សែ​បៃ​ហ្ស​ង់​មក​កម្ពុជា ជាពិសេស​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា រួមមាន វិស័យ​កសិកម្ម ប្រេង ឧស្ម័ន និង​ទេសចរណ៍​ជាដើម។ ក្រសួង​ក៏​យល់ស្រប​អំពី​ការរៀបចំ​វេទិកា​ជំនួប​រវាង​វិនិយោគិន និង​ធុរកិច្ច​ជន​របស់​ភាគី​ទាំងពីរ ដែល​នឹង​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​ព័ត៌មាន អំពី​ផលិតផល​សក្តានុពល ដែល​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ការតាំងពិព័រណ៍ និង​គម្រោង​វិនិយោគ​អាទិភាព។

លោក​បន្តថា ចំពោះ​បំណង​សិក្សា​និង​វិនិយោគ​ពី​វិស័យ​ប្រេងកាត កសិកម្ម និង​ដឹកជញ្ជូន​ដែល​សាធារណៈរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​នឹង​សម្របសម្រួល​ស្វែងរក​ទំនាក់ទំនង (Contact Points) ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​បណ្តា​អន្តរក្រសួង។ ដោយឡែក អំពី​ករណី MoU ក្រសួងពាណិជ្ជកម្ម​ស្នើ​មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា និង​ព​ន្លឿ​ន​ដំណើរការ​ពិនិត្យ​លើ​ពង្រាង​នេះ ដើម្បី​ថ្នាក់ដឹកនាំ​អាច​ពិនិត្យ និង​សម្រេចបាន​ទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here