គំរោងវិនិយោគចំនួន៣កសិឧស្សាហកម្ម មានទំហំទុនវិនិយោគជាង២៥០លានដុល្លារនឹងលើកកំពស់សេដ្ឋកិច្ចនៅខេត្តក្រចេះ និងរតនគិរី

0
ភូមិភាគឦសាន្តរបស់កម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការជំរុញសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងគម្រោងវិនិយោគកសិកម្ម និងកសិឧស្សាហកម្មធំៗ។
ភូមិភាគឦសាន្តរបស់កម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការជំរុញសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងគម្រោងវិនិយោគកសិកម្ម និងកសិឧស្សាហកម្មធំៗ។

ដោយៈ ចំណាន

    ភ្នំពេញៈ ភូមិភាគឦសាន្តរបស់កម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការជំរុញសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងគម្រោងវិនិយោគកសិកម្ម និងកសិឧស្សាហកម្មធំៗចំនួន៣ មានតម្លៃជាង២៥០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារប្រហែល១២,០០០ កន្លែងសម្រាប់សហគមន៍មូលដ្ឋាន។

ផែនការនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបច្ចេកទេស ដែលធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន (NEIPWG) កាលពីសប្តាហ៍មុន។

កិច្ចប្រជុំបានផ្តោតសំខាន់លើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោង ក្នុងខេត្តក្រចេះ និងខេត្តរតនគិរី។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារអភិវឌ្ឍន៍ភូមិភាគឦសាន្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអ្នកជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ ជាយុទ្ធសាស្រ្តនៃការវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅភាគឦសាន ដោ​យលើកឡើងថាជា “កត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ជាមួយនឹងសក្តានុពលខ្ពស់”។

លោកហ៊ាន សាហ៊ីបបានកត់សម្គាល់ថា គម្រោងទាំងនេះនឹងលើកកម្ពស់ផលិតភាព ការកែច្នៃផលិតផលកសិកម្ម និងពង្រឹងសមត្ថភាពនាំចេញរបស់កម្ពុជា ទន្ទឹមនឹងការទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេសបន្ថែមទៀត។

ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើគ្រប់ទិដ្ឋភាពនៃគម្រោង ដោយធានាបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា ដោយមានគោលដៅសម្រួល ដល់សកម្មភាពវិនិយោគ ទន្ទឹមនឹងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ច សង្គម សម្រាប់ប្រទេសជាតិ។ នៅពេលដែលដំណើរការរួច គម្រោងទាំងបីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រមាណ១២,០០០ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការជំរុញការងារនៅតាមជនបទ និងការអភិវឌ្ឍន៍ក្នុងតំបន់។

គំនិតផ្តួចផ្តើមនេះក៏ស្របតាមអាទិភាព នៃកម្មវិធីពិសេសរបស់កម្ពុជា ក្នុងការជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

គម្រោងនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីប្រែក្លាយខេត្តភាគឦសានរបស់កម្ពុជាទៅជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ ដែលជំរុញដោយការវិនិយោគ ធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងផលជះសង្គម និងចីរភាព។

NEIPWG ត្រូវបានបង្កើតឡើងក្រោមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFPC) ដើម្បីដឹកនាំ សម្របសម្រួល និងអនុវត្ត ‘កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគ នៅក្នុងខេត្តភាគឦសានទាំងបួន’ ។

កម្មវិធីនេះត្រូវបានប្រកាសដាក់ អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here