ចំណេះដឹង​! តើ​ការ​ផ្ទេរ​កម្ម​សិ​ទិ្ធ​អចលនទ្រព្យ​មាន​ទម្រង់​បែប​ណា​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ ជា​ការផ្ទេរ​ហានិភ័យ​ ហើយ​វា​អាស្រ័យ​តាម​ប្រភេទ​នៃ​កិច្ចសន្យា​នី​មួយ​ៗ។ ការផ្ទេរ​កម្មសិទ្ធិ​ សិទ្ធិ​លើ​កម្មវត្ថុ​ក្នុង​កិច្ចសន្យាលក់​ទិញ​ ត្រូវ​អនុវត្ត​ទៅតាម​គោល​កា​រណ៏​ទូទៅ​ដែល​បាន​កំណត់​ស្ដីពី​ ការបង្កើត​ ការផ្ទេរ​ និង​ការ​កែប្រែ​នូវ​សិទ្ធិ​ប្រត្យក្ស​ ដោយ​ការព្រមព្រៀង​។

បើ​កម្មវត្ថុ​នៃ​កិច្ចសន្យាលក់​ទិញ​ ជា​សិទ្ធិ​លើ​ទ្រ​ព្យស​ម្ប​ត្ត​ក្រៅពី​កម្មសិទ្ធិ​ ការផ្ទេរ​សិទ្ធិ​ទាំងនោះ​ ត្រូវ​អនុវត្ត​ទៅតាម​គោល​កា​រណ៏​ទូទៅ​ ដែល​ទាក់ទង​នឹង​ការផ្ទេរ​សិទ្ធិ​នី​មួយ​ៗនោះ​។ ប៉ុន្តែ​ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ គឺ​ត្រូវ​ធ្វើឡើង​នៅ​ក្រសួង​ដែល​មានសមត្ថកិច្ច​ ការផ្ទេរ​កម្មសិទ្ធិ​ត្រូវ​ចាត់ទុកជា​បានសម្រេច​ ចាប់ពី​ពេល​បាន​ចុះបញ្ជី​កិច្ចសន្យា​នោះ​នៅ​អង្គភាព​សុរិយោដី​។

ចំពោះ​អចលវត្ថុ​ ការផ្ទេរ​សិទ្ធិ​របស់​អ្នកលក់​ ឲ្យ​ទៅ​អ្នកទិញ​ទុកជា​ត្រឹមត្រូវ​ ហើយ​តតិយជន​ជំទាស់​មិនបាន​ លុះត្រាតែ​ធ្វើការ​ចុះបញ្ជី​តាម​បញ្ញត្តិ​របស់​ច្បាប់​ (មាត្រា១៣៥នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​)។ តាម​បទបញ្ញត្តិ​នៅក្នុង​មាត្រា​នេះ​ វា​មិនមែន​ជា​លក្ខខណ្ឌ​សុពលភាព​នៃ​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​នោះ​ទេ​ តែ​វា​ជា​លក្ខ​ខណ្ខ​តតាំង​ចំពោះ​តតិយជន​តែប៉ុណ្ណោះ​ មានន័យថា​បើ​គូភាគី​ មិនបាន​ធ្វើការ​ចុះបញ្ជី​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ទេ​ គូភាគី​មិន​អាចយ​កសិទ្ធិ​របស់​ខ្លួន​ ដែល​មាន​ចំពោះ​អចលនវត្ថុ​នោះ​ ទៅ​តតាំង​ចំពោះ​អ្នក​ផ្សេងទៀត​បាន​ឡើយ​។ ដូចនេះ​ដើម្បី​អាច​តតាំង​ចំពោះ​តតិយជន​បាន​ គឺ​មានតែ​ការចុះបញ្ជី​តែមួយគត់​។

តាមច្បាប់​ភូមិបាល​ឆ្នាំ២០០១​ មាត្រា៦៥​ វាក្យ​ខ័ណ្ឌ១បាន​ចែងថា​ ការផ្ទេរ​កម្មសិទ្ធិ​ដែល​តតិយជន​ជំទាស់​លែង​បាន​ លុះត្រាតែ​កិច្ចសន្យា​ លក់​ទិញ​ អចលនវត្ថុ​នោះ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ជា​លាយ​ល័ក្ខ​អក្សរ​ តាម​ទម្រង់​លិខិតយថាភូត​ ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​អង្គភាព​សុរិយោដី​។

ដូចនេះ​ ការទិញ​លក់​អចលនទ្រព្យ​ មិនថា​ដី​ ឬផ្ទះ​ ចាំបាច់​តម្រូវឲ្យ​មានការ​ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​អចលនទ្រព្យ​ ទៅកាន់​អ្នកទិញ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេង​ៗ។ ជា​ការពិត​ថា​ បញ្ហា​ទាំងនេះ​អាច​មាន​លក្ខណៈ​ស្មុគស្មាញ​ ដែល​ពេលខ្លះ​គេ​ចាំបាច់​ត្រូវ​ស្វែងរក​អ្នកច្បាប់​ ឬក៏​មេធាវី​ ឬសារ​ការី​ ជា​ជំនួយ​ដើម្បី​ធានា​ឲ្យ​មាន​សុវត្ថិភាព​ខាង​ផ្លូវច្បាប់​ និង​ពន្យល់​បំភ្លឺ​ជុំវិញ​ចំនុច​សំ​ខាន់​ៗជា​មូលដ្ឋាន​ខ្លះ​ ដែល​ប្រជាពលរដ្ឋ​គួរតែ​ដឹង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here