ដោយ វុត្ថា
ភ្នំពេញៈ ទីប្រឹក្សាច្បាប់ គឺជាសេវាកម្មមួយនៃផ្នែកសេវាកម្មប្រឹក្សាដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្មរបស់់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” ដែលត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហគ្រាស ឬក្រុមហ៊ុនពាណិជ្ជកម្ម។
យោងតាមអត្ថបទរបស់លោកសន្ធានករ អ៊ូច វុធ្ធី ប្រធានប្រតិបត្តិនៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” កម្ពុជាពន្យល់ថា វាជាសេវាកម្មមួយអាចជួយដល់សហគ្រាសពាណិជ្ជកម្មទាំងនោះ តាមរយៈការផ្តល់យោបល់ច្បាប់លើបញ្ហាសំខាន់ៗ នៃកិច្ចការជំនួញ ដែលរួមមាន៖ (១) ប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាស (២) កិច្ចសន្យា និងលិខិតស្នាមផ្សេងៗ និង (៣) របៀបនៃការដោះស្រាយវិវាទដែលសមស្រប ។ ដូច្នេះ តើការផ្តល់យោបល់ លើផ្នែកទាំង នោះមានសារៈប្រយោជន៍ដូចម្តេចខ្លះ?
ទី១) ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើប្រតិបត្តិការជំនួញនិងអភិបាលកិច្ច
សហគ្រាស ប្រតិបត្តិការជំនួញគឺជាកិច្ចការដែលសហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មអនុវត្តដើម្បីដំណើរការអាជីវកម្មដើម្បីទទួលបានជោគជ័យ។ ក៏ប៉ុន្តែករណីខ្លះសហគ្រាស ឬក្រុមហ៊ុនទាំងនោះ ក៏អាចជួបការបរាជ័យ ដោយសារតែការប្រតិបត្តិនូវអាជីវកម្ម មិនស្របច្បាប់ផងដែរ។
ឧទាហរណ៍ អាជីវកម្មទិញដីសមុទ្រសំរាប់លក់ ឬសំរាប់វិនិយោគលើគំរោងអ្វីមួយនាពេលខាងមុខ។ ប្រតិបត្តិការអាជីវកម្មបែបនេះ គឺជាការចំណាយប្រាក់ប្រឈមនឹងការបាត់បង់ទាំងស្រុង ពីព្រោះថាដីសមុទ្រជាកម្មសិទ្ធិរបស់រដ្ឋ ដែលរដ្ឋាភិបាលមានសិទ្ធិដកហូតមកវិញបាន ដោយសារ តែការលក់- ទិញនោះជាអំពើខុសច្បាប់។
ទី២) ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើបញ្ហាកិច្ចសន្យា និងលិខិតស្នាមសំខាន់ៗ
កិច្ចសន្យានិងលិខិតស្នាម ជាអាយុជីវិត និងបេះដូងរបស់អាជីវកម្ម ពីព្រោះអាជីវកម្មអាចប្រព្រឹត្តទៅបានអាស្រ័យ នឹងេសេចក្តីសម្រេចរបស់ម្ចាស់ និងថ្នាក់ដឹកនាំអាជីវកម្ម និងកិច្ចព្រមព្រៀងទាំង ឡាយដែលបានបង្កើតឡើង មិនថាតែនៅក្នងប្រតិបត្តិការជំនួញ ឬនៅក្នុងសហគ្រាសខ្លួនផ្ទាល់ទេ ដូចជា កិច្ចសន្យាអាជីវកម្ម កិច្ចសន្យាបង្កើតក្រុមហ៊ុន ឬលក្ខនិ្តកៈក្រុមហ៊ុន កំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល កំណត់ហេតុមហាសន្និបាតម្ចាស់ហ៊ុន ឬឯកសារមានលក្ខណៈគតិយុត្តដទៃទៀត ដែលជាប្រយោជន៍៍របស់អាជីវកម្ម ។ល។
ឯកសារទាំងនេះ ប្រៀបបានទៅនឹងអាវុធមុខពីរ ដែលអាចជួយឲ្យចំណេញ ឬទទួលបានប្រយោជន៍ផង ហើយក៏អាចធ្វើឲ្យជួបនូវការខាតបង់ឬអន្តរធានផងដែរ។
ទី៣) ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើរបៀបដោះស្រាយវិវាទដែលសមស្រប
វិវាទពាណិជ្ជកម្មអាចកើតមានច្រើនប្រភេទ តាំងពីក្នុងក្រុមហ៊ុន រហូតដល់ប្រតិបត្តិការអាជីវកម្ម ។ ឧទាហរណ៍ៈ វិវាទម្ចាស់ហ៊ុន និងអភិបាល ឬអភិបាល និងអភិបាល វិវាទកិច្ចសន្យាអាជីវកម្មរវាងអាជីវកម្មសាមី និងក្រុមហ៊ុនផ្សេងទ់ៀត។ល។ ហើយដំណោះស្រាយវិវាទក៏មានយន្តការច្រើនឆ្លើយតបផងដែរ ដូចជា យន្តការចរចា សន្ធានកម្ម ឬការសម្រុះសម្រួល មជ្ឈត្តការ និងតុលាការ ជាដើម ។ល។ ការចេះជ្រើសរើសយន្តការដោះស្រាយវិវាទណាមួយបានត្រឹមត្រូវ អាចធ្វើឲ្យអាជីវកម្មកាត់បន្ថយបាននូវភាពស្មុគ្រស្មាញ ចំណេញប្រាក់កាស ពេលវេលា និងរក្សាបានទំនាក់ទំនង ដែលជាកត្តាសំខាន់នាំឲ្យអាជីវកម្មកាន់តែរីកចំរើនទៅមុខផងដែរ។
ផ្ទុយទៅវិញ ការយល់ដឹងមិនបានគ្រប់គ្រាន់ ជាហេតុធ្វើឲ្យការជ្រើសរើសរបៀបនៃការដោះស្រាយវិវាទ មិនឆ្លើយតបទៅនឹងប្រភេទវិវាទ ដែលកើតឡើងឡើយ ហើយក៏ជាហេតុនាំឲ្យអន្តរាយដល់អាជីវកម្មទាំងមូលក៏ថាបាន។
សរុបសេចក្តីមក អាជីវកម្មដែលមានទីប្រឹក្សាច្បាប់ប្រចាំ នឹងធ្វើឲ្យដំណើរការមានភាពប្រសើរ ពីព្រោះតែការផ្តល់យោបល់នៃសេវាកម្មនេះ នឹងជួយជំរុញអាជីវកម្មឲ្យប្រកបដោយភាពស្របច្បាប់លើផ្នែកប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាសពាណិជ្ជកម្មខ្លួន លើភាពត្រឹមត្រូវនៃកិច្ចសន្យា និងលិខិតស្នាមចំាបាច់ និងទុកចិត្តលើបៀបជ្រើសរើសយកយន្តការដោះស្រាយវិវាទដែលស័ក្តិសម និងចំណេញប្រយោជន៍ដល់អាជីវកម្ម។
ការប្រើសេវាកម្មនេះជាការវិនិយោគទុនមួយដ៏តិចតួច តែទទួលបានផលប្រយោជន៏ច្រើន ហើយអាចធ្វើឲ្យអាជីវកម្មប្រព្រឹត្តិទៅដោយគ្មានក្តីបារម្ភ ដែលម្ចាស់សហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មគួរពិចារណាជាប្រយោជន៍៕