ដោយ វល័ក្ខ
អាមេរិក៖ នៅដើមឆ្នាំ ២០០៤ បណ្ដាញសង្គម Facebook ទទួលបានជោគជ័យនៅក្នុងដំណាក់កាលដំបូង ពោលគឺចាប់ផ្ដើមអ្នកប្រើប្រាស់មកពីសកលវិទ្យា ល័យធំៗជាច្រើននៅសហរដ្ឋអាមេរិក និងកាណាដា។ នៅពេលនោះហើយដែលលោក Mark Zuckerberg សហស្ថាបនិក និងជាមេធំរបស់ Facebook ត្រូវ អនុវត្តផែកការណ៍បន្ត។
ត្បិតតែ Facebook មានមនុស្សជាច្រើនចាប់ផ្ដើមចុះឈ្មោះប្រើប្រាស់ពិតមែន ប៉ុន្តែវាមិនអាចរីកធំជាងជាងនេះបាននោះទេ បើសិនជាគ្មានលុយ ក្នុងការ វិនិយោគនោះ ហេតុនេះហើយទើបលោក Mark Zuckerberg ត្រូវរកជំនួយខាងផ្នែកហិរញ្ញវត្ថុ។
-->
នៅពាក់កណ្ដាលឆ្នាំ ២០០៤ លោក Mark Zuckerberg បានជួបជាមួយលោក Peter Thiel ដែលជាសហស្ថាបនិក និងជាមេធំរបស់ PayPal ដើម្បីសូមការណែនាំ ក៏ដូចជា ហិរញ្ញវត្ថុ។
ជំនួបមេធំរវាងក្រុមហ៊ុនទាំងពីរបានលេចចេញជាផ្លែផ្ដាគឺលោក Peter Thiel យល់ព្រមបោះទុនវិនិយោគនូវទឹកប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក ជាថ្នូរ មកវិញគឺ លោកទទួលបានភាគហ៊ុន Facebook ចំនួន ១០.២ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ Facebook ក៏បានតែងតាំងលោក Peter Thiel ជាក្រុមប្រឹក្សាភិបាល ទៀតផង។
ក្រោយពីទទួលបានការវិនិយោគជាលុយសុទ្ធ និងការប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រពីលោក Peter Thiel មក បណ្ដាញសង្គម Facebook ចាប់ផ្ដើម រីក ដុះដាល និងធំធាត់ឡើងយ៉ាងឆាប់រហ័ស ដោយនៅចុងឆ្នាំ ២០០៤ ចំនួនអ្នកប្រើបានកើនឡើងដល់ ១.៥លាននាក់។
ក្នុងនាមជាក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុនម្នាក់ផងនោះ លោក Peter Thiel បានព្យាយាមគៀងគរក្រុមអ្នកវិនិយោគ និងអ្នកជំនួញជាច្រើនឱ្យមកវិនិយោគជាមួយក្រុមហ៊ុន Facebook ព្រោះលក់បានមើលឃើញថា អនាគត ទៅមុខ អ្នកប្រើ Facebook នឹងកើនឡើងខ្លាំង នៅពេលនោះហើយដែល Facebook នឹងអាចប្រមូលលុយមកវិញបានច្រើនផងដែរ។
«ខ្ញុំគិតថាការវិនិយោគរបស់ខ្ញុំនៅពេលនេះគឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ហើយខ្ញុំរំពឹងថាវានឹងទទួលបានផ្លែផ្ដាដ៏ច្រើនសន្ធឹកនៅពេលអនាគត។ លុយដែលខ្ញុំចំណាយ ខ្ញុំត្រូវតែយកមកវិញ ហើយយកច្រើនជាងការចំណាយ រាប់លាន ដង»។
នេះជាសំដីរបស់លោក Peter Thiel បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសម្ភាសន៍មួយ ក្រោយពេលលោកបោះទុនវិនិយោគ ៥០ម៉ឺនដុល្លារលើក្រុមហ៊ុន Facebook។
នៅខែឧសភា ឆ្នាំ ២០១២ បណ្ដាញសង្គម Facebook បានបោះផ្សាយមូលបត្រថ្លៃដើម (IPO) ទៅកាន់ទីផ្សារភាគហ៊ុន ដោយទទួលបានជាង ១០០ពាន់ លានដុល្លារអាមេរិក (៣៨ដុល្លារក្នុងមួយហ៊ុន) ខណៈនោះផងដែរ លោក Peter Thiel ក៏បានលក់ភាគហ៊ុនមួយចំនួន និងទទួលបាន ប្រាក់ ៦៣៨ លានដុល្លារអាមេរិក ហើយបើតាមការប៉ាន់ប្រមាណ បើសិនជានៅពេលនោះ លោក Peter Thiel លក់ភាគហ៊ុនទាំងអស់ លោកអាចទទួលបានជាង ១ពាន់លាន ដុល្លារអាមេរិក។
នៅពេលនេះ បណ្ដាញសង្គម Facebook មានអ្នកប្រើប្រាស់រហូតដល់ជាង ២៣០០លាននាក់នៅជុំវិញពិភពលោក ហើយកាលពីឆ្នាំ ២០១៨ រកប្រាក់ចំណូលបានជាង ៥៥ពាន់លានដុល្លារអាមេរិក៕