កម្ពុជា​-ម៉ាឡេស៊ី​នឹង​ចុះ​អនុស្សរណៈ​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ក្នុង​អំឡុង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចុងឆ្នាំ​នេះ

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ កម្ពុជា​និង​ភាគី​ម៉ាឡេស៊ី​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU​) ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយគ្នា​ជា​ផ្លូវការ​ នៅពេល​ដែល​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ នា​អំឡុង​ចុងឆ្នាំ២០១៩​ ខាងមុខនេះ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​លោក​ Eldeen​ Husaini​ BINMOHDHASHIM​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការបង្កើត​ក្រុមការងារ​ពិសេស​កម្ពុជា​-ម៉ាឡេស៊ី​ ដើម្បី​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​រួមមាន​ ការ​ផ្លាស់​ព័ត៌មាន​ទេសចរណ៍​ ការ​ផ្សព្វផ្សាយ​​ពី​វិស័យ​ទេសចរណ៍​ ការជំរុញ​ការ​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​ Eldeen​ Husaini​ BINMOHDHASHIM​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​ បាន​ស្នើសុំ​កិច្ចសហការ​ពី​ភាគី​កម្ពុជា​ ០៤ចំនុច​៖ ទី១​-ការជំរុញ​វិស័យ​ទេសចរណ៍​សុខាភិបាល​ ដោយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ ភ្ជាប់​ជាមួយ​ដំណើរ​ទេសចរណ៍​ (ដោយ​ម៉ាឡេស៊ី​នឹង​ផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស​) ទី២​-ការជំរុញ​ទេសចរណ៍​វាយកូនគោល​ (Golf​ Tourism​) ដោយ​កីឡា​ប្រភេទ​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​ម៉ាឡេស៊ី​ ហើយ​ម៉ាឡេស៊ី​ក៏​ចាប់អារម្មណ៍​ការ​និយម​លេង​នៅ​កម្ពុជា​ផង​ដែរ​។

ទី៣​-រៀបចំ​ពិធី​ពិព័រណ៍​ម្ហូបអាហារ​បែ​បមូ​ស្លី​មនៅ​កម្ពុជា​ ឬហៅ​ថា​ Food​ Festival​ និង​ទី៤​- ស្នើ​ភាគី​កម្ពុជា​បង្កើន​ការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ម៉ាឡេស៊ី​ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ​ និង​ការរៀបចំ​សេវាកម្ម​ម្ហូបអាហារ​ហា​ឡាល់​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​គាំទ្រ​ និង​ឯកភាព​ចំពោះ​សំណើ​ទាំងនេះ​ ហើយក៏​បាន​អញ្ជើញ​ភាគី​ម៉ាឡេស៊ី​ចូលរួម​សន្និសីទ​ស្តី​ពី​ម្ហូបអាហារ​ (Conference​ on​ Gastronomy​) ដែល​នឹង​ធ្វើឡើង​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៩​ ខាងមុខ​ និង​បាន​លើកឡើង​ពី​បំណង​រៀបចំ​ឱ្យ​មានដំណើរ​កម្សាន្ត​ឆ្លងដែន​តាម​ម៉ូតូ​ ដែល​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ ដែល​អាច​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ ដោយ​អាច​ធ្វើដំណើរ​ឆ្លង​ពី​កម្ពុជា​ទៅ​ថៃ​ ហើយ​បន្ត​ទៅកាន់​ម៉ាឡេស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here