ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសជប៉ុនមានបំណងបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជា ឬហៅថាភូមិខ្មែរនៅក្នុងទឹកដីរបស់ខ្លួនឱ្យបាន៤ទីតាំងបន្ថែមទៀត នៅតាមទីក្រុង និងខេត្តផ្សេងគ្នា។
លោក Yamada Fumio ប្រធានអង្គការ JCIA ប្រចាំនៅប្រទេសជប៉ុននៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៩ នេះបានលើកឡើង ពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជាឬហៅថាភូមិខ្មែរ នៅប្រទេសជប៉ុនផងដែរ ដោយភាគីជប៉ុនចង់បង្កើតមជ្ឈមណ្ឌលនេះឱ្យបាន៤ទីតាំង នៅតាមទីក្រុងនិងខេត្តផ្សេងគ្នា ប៉ុន្តែមិនទាន់ទទួលបានច្បាប់សាងសង់ និងការគាំទ្រពីសំណាក់ក្រសួង ស្ថាប័នមួយចំនួនរបស់កម្ពុជានៅឡើយ។
-->
លោកបានបញ្ជាក់ថា “លោកបានពិភាក្សាលម្អិតជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួចមកហើយ ប៉ុន្តែនៅឡើយមិនទាន់មានការជួយគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ”។
លោកយ៉ាម៉ាដា ក៏បានស្នើសុំការគាំទ្រពីសំណាក់លោកអ៊ិត សំហេង ហើយនឹងបន្តស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបន្តទៀត។
ពាក់ព័ន្ធនឹងចំណុចនេះ លោក អ៊ិត សំហេង បានស្នើទៅលោកយ៉ាម៉ាដាសុំឱ្យមានការស្នើសុំច្បាប់សាងសង់ទីតាំងភូមិខ្មែរ នៅជប៉ុននេះឱ្យបានត្រឹមត្រូវ និងអនុវត្តនីតិវិធីនៃប្រទេសជប៉ុនឱ្យបានហ្មត់ចត់ ហើយលោកក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នៅតែត្រៀមស្វាគមន៍ និងគាំទ្រជានិច្ច។
លោកបន្ថែមថា អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ស្ថិតនៅរាជធានីភ្នំពេញ និងបានជួយបញ្ជូនគ្រូបង្គោលផ្នែកថែទាំមនុស្សចាស់របស់ខ្លួន មកជួយបណ្ដុះបណ្ដាលជំនាញបន្ថែមលើជំនាញមួយចំនួនទៀត ដល់សិក្ខាកាមដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ សំដៅបង្កើនចំនួនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនបន្ថែម៕