ដោយវុត្ថា
ភ្នំពេញៈ យោងតាមច្បាប់ស្តីពីការផ្តល់សិទិ្ធ លើចំណែកឯកជននៃអាគារសហកម្មសិទិធិ ដល់ជនបរទេសដែលសភាបានអនុម័តកាលឆ្នាំ២០១០ អាចផ្តល់ឲ្យអ្នកវិនិយោគបរទេសអាចមានសិទ្ធិលើអចលនទ្រព្យចាប់ពីជាន់ទី១ឡើងទៅ។
តែទោះជាយ៉ាហណាច្បាប់កម្ពុជា បានដាក់កម្រិតមិនឲ្យជនបរទេសទទួលបាន សិទិ្ធកម្មសិទ្ឋករលើដីធ្លីក៏ដោយ មិនមែនជាឧបសគ្គដល់ការវិនិយោគិនបរទេសដែរ ព្រោះសកម្មភាពសេដ្ឋកិច្ចមិនចាប់បង្ខំថា ទាល់តែមានសិទ្ធិកម្មសិទ្ធិលើដីធ្លី ទើបអាចធ្វើការវិនិយោគបាននោះទេ។
ម៉្យាងទៀតច្បាប់កម្ពុជាបានអនុញ្ញាត្តិ ឲ្យវិនិយោគិនបរទេសវិនិយោគតាមមធ្យោបាយឬយន្តការជាច្រើន ពិសេសទាក់ទងនឹងអចលនវត្ថុ ដូចជាការជួលអចលនវត្ថុ មានរយៈពេលវែង ឬខ្លី សម្បទានដីសេដ្ឋកិច្ច ឬសម្បទានសម្រាប់ការប្រើប្រាស់ការរៀបចំ និងការធ្វើអាជីវកម្ម និងសម្ព័ន្ធអាជីវកម្មជាមួយពលរដ្ឋខ្មែរ (កិច្ចសន្យា ឬ បង្កើតក្រុមហ៊ុន)។
ច្បាប់កម្ពុជាមិនអនុញ្ញាត្តិឲ្យជនបរទេស មានសិទ្ធិកម្មសិទ្ធិលើដីធ្លីនៅកម្ពុជាទេ ប៉ុន្តែដើម្បីបានអនុញ្ញាត្តិឲ្យជនបរទេសចូលរួមវិនិយោគបាន លុះត្រាតែវិនិយោគិនបរទេសចូលរួមជាមួយវិនិយោគិនខ្មែរ ដើម្បីបង្កើតជាក្រុមហ៊ុនមានសញ្ជាតិខ្មែរ (៥១%ខ្មែរ បូក ៤៩%បរទេស) ដែលមានសិទ្ធិកាន់កាប់លើដីកម្ពុជា៕