ដោយ គង់ សូរិយា
ភ្នំពេញ៖ ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាឆ្នាំនេះ កាន់តែមានសញ្ញាវិជ្ជមានដោយចំនួនទឹកប្រាក់នាំចេញ បានកើនជិត១០ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចេញមានទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
យោងតាមរបាយការណ៍បូកសរុប ការងារពាណិជ្ជកម្មឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៨របស់ក្រសួងពាណិជ្ជកម្ម ដែលគេហទំព័រ Propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី២៧ ធ្នូនេះបានបង្ហាញឲ្យដឹងថា ទំហំទឹកប្រាក់នាំចេញដ៏ច្រើននេះ បានមកពីការផ្តល់អាជ្ញាប័ណ្ណនាំចូល មានទឹកប្រាក់សរុបចំនួនជាង២ពាន់លានដុល្លារ បើធៀបទៅឆ្នាំ២០១៦ មានទឹកប្រាក់សរុបចំនួនជាង៤៧ម៉ឺនដុល្លារអាមេរិក កើនឡើងចំនួន៣៣៥,៤៧ភាគរយ។
ដោយឡែកអាជ្ញាប័ណ្ណនាំចេញ មានទឹកប្រាក់សរុបជិត១០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំកន្លងទៅកើនឡើង៣៧,២៥ភាគរយ ដែលមានចំនួនជាង៦លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូស័ក្តិ បានមានប្រសាសន៍ក្នុងពិធីបើកសន្និបាតក្រសួងថា ក្រសួងពាណិជ្ជកម្មបាន និងកំពុងអនុវត្តន៍និងយកចិត្តទុកដាក់ ក្នុងបំណងលើកស្ទួយកំរិតជីវភាពប្រជាជន និងមូលដ្ឋាន ជំរុញការអភិវឌ្ឍន៍ផលិតផលដែលមានស្រាប់ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ផលិតផលថ្មីៗ ដូចជាអង្ករ ដំឡូងមី ម្រេចជាដើម ដើម្បីធ្វើពិពិធកម្មនិងជំរុញការនាំចេញផលិតផលសក្តានុពល រួមមាន ស្វាយ ចេក ស្ករស ស្ករត្នោត សូត្រ អំពៅ។ល។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា នៅពេលមានការនាំចេញខ្ពស់កាន់តែល្អ ព្រោះវាជាការនាំរូបិយប័ណ្ណបរទេសកាន់តែច្រើន ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ប្រៀបដូចជាវិស័យទេសចរណ៍ដូចគ្នា នៅពេលយើងទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើន ថវិកាស្រោចស្រពតាមរយៈវិស័យនេះ ចូលក្នុងសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរ។
លោកបន្តថា “អ្វីសំខាន់គឺធ្វើយ៉ាងណាឲ្យការនាំចេញមានស្ថិរភាព និងធ្វើពិពិធកម្មផលិតផលយើងឲ្យមានស្តង់ដាអន្តរជាតិបន្ថែមទៀត នឹងធ្វើឲ្យការនាំចេញរបស់យើងបានកាន់តែច្រើន ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចយើងកាន់តែរីកចម្រើន”៕