ការនាំចេញ​របស់​កម្ពុ​ជា​នៅ​ឆ្នាំនេះ មាន​ទឹកប្រាក់​ជិត១០ពាន់​លាន​ដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទំហំ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ឆ្នាំនេះ កាន់​តែមាន​សញ្ញា​វិជ្ជមាន​ដោយ​ចំនួន​ទឹកប្រាក់​នាំចេញ បាន​កើន​ជិត១០ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត២០ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន  ដែល​ការនាំចេញ​មាន​ទំហំ​ទឹកប្រាក់​ជាង៨ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

យោងតាម​របាយការណ៍​បូកសរុប ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ២០១៨របស់​ក្រសួងពាណិជ្ជកម្ម ដែល​គេហទំព័រ​ Propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៧ ធ្នូ​នេះ​បានបង្ហាញ​ឲ្យ​ដឹងថា ទំហំ​ទឹកប្រាក់​នាំចេញ​ដ៏​ច្រើន​នេះ បានមកពី​ការផ្តល់​អាជ្ញាប័ណ្ណ​នាំចូល មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង២ពាន់​លាន​ដុល្លារ បើ​ធៀប​ទៅ​ឆ្នាំ២០១៦ មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង៤៧ម៉ឺន​ដុល្លារ​អាមេរិក កើនឡើង​ចំនួន៣៣៥,៤៧ភាគរយ។

ដោយឡែក​អាជ្ញាប័ណ្ណ​នាំចេញ មាន​ទឹកប្រាក់​សរុប​ជិត១០លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​កើនឡើង៣៧,២៥ភាគរយ ដែលមាន​ចំនួន​ជាង៦លាន​ដុល្លារ​អាមេរិក។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន សូ​ស័ក្តិ​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​ក្រសួង​ថា ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​អនុវត្តន៍​និង​យកចិត្តទុកដាក់ ក្នុង​បំណង​លើកស្ទួយ​កំរិតជីវភាព​ប្រជាជន និង​មូលដ្ឋាន ជំរុញ​ការអភិវឌ្ឍន៍​ផលិតផល​ដែលមាន​ស្រាប់ និង​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ផលិតផលថ្មីៗ ដូចជា​អង្ករ ដំឡូង​មី ម្រេច​ជាដើម ដើម្បី​ធ្វើ​ពិពិធ​កម្ម​និង​ជំរុញ​ការនាំចេញ​ផលិតផល​សក្តានុពល រួមមាន ស្វាយ ចេក ស្ករស ស្ករត្នោត សូត្រ អំពៅ។ល។

លោក​បណ្ឌិត​ហុង វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ថ្លែងថា នៅពេល​មានការ​នាំចេញ​ខ្ពស់​កាន់តែ​ល្អ ព្រោះ​វា​ជា​ការនាំ​រូបិយប័ណ្ណ​បរទេស​កាន់តែច្រើន ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ប្រៀបដូចជា​វិស័យ​ទេសចរណ៍​ដូចគ្នា នៅពេល​យើង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន ថវិកា​ស្រោចស្រព​តាមរយៈ​វិស័យនេះ ចូលក្នុង​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ល្អប្រសើរ។

លោក​បន្តថា “អ្វី​សំខាន់​គឺ​ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​មាន​ស្ថិរភាព និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​យើង​ឲ្យ​មាន​ស្តង់ដា​អន្តរជាតិ​បន្ថែមទៀត នឹងធ្វើ​ឲ្យ​ការនាំចេញ​របស់​យើង​បាន​កាន់តែច្រើន ហើយ​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​យើង​កាន់តែ​រីកចម្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here