ក្រសួងទេសចរណ៍​កម្ពុជា​៖ អាស៊ាន​បាន​អនុម័ត​ផែនការ​បង្កើត​ការងារ​និង​ជំនាញ​ដល់​យុវជន​ក្នុង​តំបន់​របស់​ខ្លួន​

0

ដោយ​ ម៉ា​ណេត​

សៀម​រា​បៈ​ គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (ATPMC​) បាន​ឯកភាព​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ ដើម្បី​ផ្ដល់​ការ​បណ្តុះបណ្តាល​ និង​ទទួលស្គាល់​អ្នកជំនាញ​ក្នុង​ផ្នែក​ផ្សេង​ៗទៀត​ ក្រៅពី​ផ្នែក​សណ្ឋាគារ​ និង​ធ្វើដំណើរ​ក្នុង​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​ លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (MRA​)។

ការ​ឯកភាព​គ្នា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (ATPMC​) ជួប​ប្រជុំ​ពិសេស​នៅ​ខេត្តសៀមរាប​ នា​ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០១៩​។

កន្លងមក​ ប្រទេស​សមាជិក​អាស៊ាន​ បាន​ខិតខំ​បណ្តុះបណ្តាល​យុវជន​តាម​ស្តង់​ដា​រួម​អាស៊ាន​ លើ​មុខជំនាញ​ចំនួន៣២​ នៃ​សេវាកម្ម​សណ្ឋាគារ​ និង​ធ្វើដំណើរ​ ដោយ​អាស៊ាន​បាន​បណ្តុះបណ្តាល​គ្រូ​ និង​អ្នក​វាយតម្លៃ​បង្គោល​អាស៊ាន​ ដាក់ចុះ​អនុវត្ត​កម្មវិធី​សិក្សា​រួម​អាស៊ាន​ជាដើម​។

កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អាស៊ាន​ថា​ មាន​ភាព​នាំមុខ​គេ​ក្នុង​ការអនុវត្ត​ស្តង់​ដា​បណ្តុះបណ្តាល​ខាងលើ​នោះ​ បាន​បណ្តុះបណ្តាល​គ្រូបង្គោល​ជាង៦០០នាក់​ មាន​សិស្ស​និស្សិត​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ តាមកម្ម​វិធី​អាស៊ាន​ពេញលេញ​ប្រមាណ​ ៤,០០០នាក់​ ហើយ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ភាគច្រើន​ បាន​អនុវត្ត​កម្មវិធី​អាស៊ាន​នេះ​។

កិច្ចប្រជុំ​ពិសេស​នៅ​ខេត្តសៀមរាប​ នា​ពេលនេះ​ បាន​ពិភាក្សា​ឯកភាព​បន្ថែម​លើ​ជំនាញ​ម៉ាស្សា​ និង​ជំនាញ​ផ្នែក​រៀបចំ​ព្រឹត្តិ​ការណ៍​ (MICE​) ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ MRA​ នេះ​នៅពេលអនាគត​ ហើយ​កម្ពុជា​ទទួលបន្ទុក​រៀបចំ​ស្តង់​ដា​បណ្តុះបណ្តាល​ម៉ាស្សា​។

កិច្ច​ព្រមព្រៀង​ MRA​ មាន​គោលបំណង​សម្រួល​បម្លាស់ទី​ការងារ​ នៃ​អ្នកជំនាញ​អាស៊ាន​ (បច្ចុប្បន្ន​មាន​ ៣២ជំនាញ​)នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ តាមច្បាប់​នៃ​ប្រទេស​សមាជិក​នី​មួយ​ៗ និង​ស្របតាម​យន្តការ​អាស៊ាន​។ យុវជន​ដែល​អាច​មានឱកាស​បម្លាស់ទី​ លុះត្រាតែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ តាម​ស្តង់​ដា​កម្មវិធី​អាស៊ាន​ ឬមានការ​ទទួលស្គាល់​ដោយ​អាស៊ាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here