ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីមានការដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ជាលទ្ធផលក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានជើងហោះហើរសរុបរហូតដល់ ២០,៤៣៣លើក កើនឡើងប្រមាណ ១៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយនឹងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបានភាពល្អប្រសើរក្នុងរង្វង់ប្រមាណជាង៧ភាគរយជាប្រចាំឆ្នាំ បានធ្វើឱ្យកម្ពុជាក្លាយគោលដៅមួយនៅក្នុងក្រសែភ្នែករបស់បណ្តាភ្ញៀវទេសចរ និងបណ្តាអ្នកវិនិយោគអន្តរជាតិនានា។ បន្ថែមពីនេះបន្ទាប់ពីមានការតភ្ជាប់ជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា បានជំរុញឱ្យវិស័យអាកាសចរណ៍មានភាពល្អប្រសើរគួរជាទីមោទនៈ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១០ កក្កដាកន្លងមកថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩កន្លងទៅនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយចំនួនជើងហោះហើរបានកើនឡើង១៥ភាគរយ ហើយចំនួនអ្នកធ្វើដំណើរក៏មានការកើនឡើង២៥ភាគរយ។
លោកបន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ មានការហោះសរុបចំនួន ៤៥៨៩ជើង ដោយការហោះហើរអន្តរជាតិមានចំនួន១៦៤៨ លើក ហើយក្នុងស្រុកមានចំនួន២៩៤១លើក ។ ព្រលានយន្តហោះខេត្តសៀមរាប មានការហោះហើរអន្តរជាតិចំនួន៨១៨៩លើក និងជើងហោះហើរក្នុងស្រុក២៧៧៦លើក ។ ដោយឡែក ព្រលានយន្តហោះខេត្តព្រះសីហនុ មានការហោះហើរសរុបចំនួន៤១៥១ លើក ក្នុងនោះការហោះហើរអន្តរជាតិមានចំនួន២៦៣៨លើក ហើយក្នុងស្រុកមានចំនួន ១៥១៣លើក និងជើងហោះហើរជាលក្ខណៈជួល (charter fly )មានចំនួន៧២៨លើក។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយបង្ហាញពីភាពសាទរជាមួយនឹងសិទ្ធផល ដែលវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ទទួលបាននៅពេលនេះ។
លោកស្រីបានបញ្ជាក់ថា “ពេលនេះ កម្ពុជាកំពុងតែមានភាពទាក់ទាញលើវិស័យហោះហើរកាន់តែច្រើន ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោក ក៏កំពុងតែពិចារណាភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា”។ លោកស្រីបន្តទៀតថា “ នៅពេលដែលវិស័យហោះហើរកាន់តែមានភាពទូលាយ វានឹងជួយជំរុញឱ្យកម្ពុជាកាន់តែមានឱកាសអូសទាញបណ្តាភ្ញៀវទេសចរ ក៏ដូចជាអ្នកជំនាញអន្តរជាតិនានា ចូលមកស្វែងយល់ពីកម្ពុជា ដើម្បីរកឱកាសវិនិយោគទទួលយកផលប្រយោជន៍”។
លោកស្រីឆាយ ស៊ីវលីនបានបន្តទៀតថា មិនថាចំពោះតែភ្ញៀវទេសចរ ឬវត្តមានរបស់អ្នកជំនួញអន្តរជាតិនោះទេ គឺសុទ្ធតែផ្តល់ប្រយោជន៍ដល់កម្ពុជាទាំងអស់ តាមរយៈការចាក់បញ្ចូលនូវប្រាក់ចំណូលចូលដល់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ផងដែរ។
មួយរយៈចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានទទួលការហោះហើរត្រង់មកពីបណ្តាប្រទេសនានា ជាពិសេសប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ានតែម្ដង ដូចជា ប្រទេសចិន សាំងហ្គាពួរ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ ជាដើម ដែលកាន់តែជួយជំរុញឱ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរ៕