ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតិឱ្យមានការសាងសង់ នូវអគារខ្ពស់កប់ពពកនៅក្នុងនៅក្នុងទីតាំងចំនួន៤ នៅក្នុងរាជធានីភ្នំពេញ ខណៈនាពេលបច្ចុប្បន្ននេះ មានគម្រោងអគារខ្ពស់ៗកប់ពពកជាច្រើន បាននិងកំពុងរីកលូតលាស់នៅក្នុងទីក្រុងមួយនេះ។
លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចំានៅកម្ពុជាបានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះថា នៅក្នុងរាជធានីភ្នំពេញ មានទីតាំងចំនួន៤ មិនត្រូវបានអនុញ្ញាតសាងសង់អគារខ្ពស់កប់ពពកបាននោះទេ ដែលត្រូវបានកំណត់កំពស់ ដែលទីតាំងទាំងនោះ រួមមាន ទីតាំងម្តុំវិមានឯករាជ ម្តុំព្រះបរមរាជវាំង ម្តុំវត្តភ្នំ និងព្រលាន យន្តហោះ។
-->
លោកស្រីពន្យល់ថា “នៅតំបន់ព្រលានយន្តហោះ គឺវាអាចប៉ះពាល់ដល់ដល់ការហោះហើរ ឬចុះចតរបស់យន្តហោះ ។ សម្រាប់ម្តុំព្រះបរមរាជវាំង ជាតំបន់ប្រវត្តិសាស្រ្ត និងកន្លែងគង់ប្រថាប់របស់ព្រះមហាក្សត្រជាដើម”។
លោកស្រីបន្ថែមថា បើចំងាយ ៣០០ម៉ែត្រ ពីអក្សនៃតាំងទាំង៤នេះ គឺអនុញ្ញាតសាងសង់អគារបានប្រមាណតែ ២៥ម៉ែត្រតែប៉ុណ្ណោះ ហើយបើនិយាយពីចំងាយប្រមាណ ៥០០ម៉ែត្រពីទីតាំងវិញ រដ្ឋាភិបាលអាចអនុញ្ញាតឱ្យសាងសង់អគារ បានកំពស់ប្រមាណ ៣៥ម៉ែត្រ តែបើនិយាយពីជាន់វិញមានប្រហែល៧ ទៅ៨ជាន់តែប៉ុណ្ណោះ។
តែយ៉ាងណាក៏ដោយលោកស្រីថា ដោយសារតម្លៃដីមានការកើនឡើងជាលំដាប់ បានធ្វើឱ្យរដ្ឋាភិបាល មានការអនុញ្ញាតឱ្យសាងសង់លើសកំពស់ពីនេះខ្លះ តែមិនច្រើននោះទេ។
នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែង ក្នុងការសងសង់នូវអគារខ្ពស់កប់ពពកជាច្រើនទីកន្លែង ជាពិសតំបន់សង្កាត់ទន្លេបាសាក់ ទួលគោក និងដូនពេញជាដើម ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ដល់ការកើនឡើង នូវប្រជាសាស្ត្រ សេដ្ឋកិច្ច និងជនបរទេស។
អាគារខ្ពស់កប់ពពកជាច្រើនដែលបានសាងសង់រួចហើយ និងកំពុងសាងសង់ព្រមទាំង មានគម្រោងសាងសង់នាពេលខាងខាងមុខនេះ ជាប្រភេទអគារពាណិជ្ជកម្ម ខុនដូ អាផាតមិន និងការិយាល័យការិយាល័យជាដើម៕