ដោយ Donald Lee
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ខុនដូក្នុងស្រុកលើគម្រោង ដែលមានតម្លៃសមរម្យកំពុងកំណត់ការចាប់យកទីផ្សារអ្នកទិញក្នុងស្រុក។ នេះបើយោងតាមក្រុមហ៊ុន CBRE Cambodia។
នៅពាក់កណ្តាលឆ្នាំ២០១៩ គម្រោងខុនដូចំនួន១៣ត្រូវបានដាក់លក់ក្នុងទីផ្សារ ដោយក្នុងនោះមាន៦៧ភាគរយជាខុនដូដែលមានតំលៃសមរម្យ។
ខុនដូដែលតម្លៃសមរម្យជាមធ្យមបានកើនឡើង២ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ដោយតម្លៃបច្ចុប្បន្នមានប្រមាណ ១,៥០១ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំនេះ ខណៈអ្នកទិញក្នុងស្រុក កាន់តែច្រើនកំពុងវិនិយោគលើខុនដូនៅកណ្តាលទីក្រុង។
កញ្ញា ឃិន លីដា តំណាងផ្នែកលក់គម្រោង HCN Mall and Residence ដែលមាន ៧២០ យូនីតស្ថិតនៅផ្លូវ ៣៤៧ សង្កាត់បឹងកក់១ខណ្ឌទួលគោកបានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ការរស់នៅខុនដូនឹងកាន់តែមានប្រជាប្រិយភាព ពីព្រោះដីទីក្រុងពិបាករកដីដើម្បីអភិវឌ្ឍ។ ប្រជាជននឹងផ្លាស់ប្តូរទៅរស់នៅក្នុងខុនដូ ហើយវាអាចកាត់បន្ថយពេលវេលាសម្រាប់ការធ្វើដំណើរទៅធ្វើការ”។
កញ្ញាបានបន្ថែមថា “យើងទើបតែចាប់ផ្តើមលក់នៅខែមេសា ឆ្នាំ២០១៩។ អ្នកទិញភាគច្រើនជាប្រជាជនកម្ពុជា ព្រោះយើងកំពុងកំណត់គោលដៅអតិថិជនស្រុក”។
ទីផ្សារខុនដូត្រូវបានរំពឹងថា នឹងកើនដល់ចំនួន ៣១,១០០យូនីត នឹងសាងសង់បញ្ចប់នៅចុងឆ្នាំនេះ។ បច្ចុប្បន្នចំនួននៃខុនដូយូនីត ដែលបញ្ចប់ការសាងសង់មានចំនួន ១៦,៦៥៨យូនីត។
វិស័យខុនដូមានការរីកចំរើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលការផ្គត់ផ្គង់ខុនដូមានការកើនឡើងចំនួន១០ដង បើធៀបនឹងឆ្នាំ ២០១៦។
ប៉ុន្តែទីផ្សារអចលនទ្រព្យ អាចប្រឈមនឹងភាពចលាចលមួយចំនួន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិនអាចពន្យឺតការវិនិយោគផ្ទាល់ពីបរទេសពីចិនដីគោក។
ធនាគារជាតិនៃកម្ពុជាបានព្រមានថា “វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុអាចនឹងត្រូវប្រឈមនឹងហានិភ័យ ប្រសិនបើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបានស្ងប់ស្ងាត់ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក”។ ធនាគារនេះបានបន្ថែមថា “ល្បឿននៃការពង្រីក និងការវិនិយោគរបស់ខ្លួនទីផ្សារអចលនវត្ថុមើលទៅរឹងមាំ និងមានស្ថានភាពល្អ”។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹង ក្នុងរបាយការណ៍សេដ្ឋកិច្ចមួយ ដែលចេញផ្សាយនៅឆ្នាំនេះថា “នៅចុងឆ្នាំ២០១៩ ការផ្គត់ផ្គង់ខុនដូនៅគ្រប់ផ្នែកទាំងអស់ កន្លែងលក់រាយ និងការិយាល័យជួលត្រូវបានរំពឹងថានឹងកើនឡើង”៕






