ដោយ គង់ សូរិយា
ភ្នំពេញៈ សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) សហការជាមួយក្លឹបអ្នកលក់ដីឡូត៍កម្ពុជា នឹងបើកសិក្ខាសាលាស្តីពី ”វិធីសាស្រ្តក្លាយជាអ្នកលក់ដីឡូត៍អាជីពជោគជ័យ” ខណៈដែលទីផ្សារដីឡូត៍កំពុងមានភាពពុះកញ្រ្ជោល។

-->
លោកខាត់ បូរ៉ានាយកសាលាអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១១ កក្កដាកន្លងមកថា ដោយសារបច្ចុប្បន្នទីផ្សារដីឡូត៍កំពុងមានភាពពុះកញ្រ្ជោល និងរីកដុះដាលខ្លាំងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ទើបយើងរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលដៅជំរុញផ្នែកនេះឲ្យកាន់តែមានភាពរីកចម្រើន និងកាត់បន្ថយបញ្ហាប្រឈមដែលអាចកើតមានក្នុងវិស័យនេះ។
លោកបន្តថា វាគ្មិនសំខាន់ៗ៤រូបនឹងចែករំលែកចំណេះដឹង ពីវិធីសាស្រ្តលក់ដីឡូត៍ ការប្រែក្លាយពីអ្នកលក់ មកជាអ្នកវិនិយោគដីឡូត៍ឬផ្នែកផ្សេងទៀត ក្នុងវិស័យអចលនទ្រព្យដោយខ្លួនឯង និងមានការពន្យល់ពីទិដ្ឋភាពផ្លូវច្បាប់ ពិសេសការវិភាគព៌តមានជុំវិញការវិនិយោគ និងតំបន់ដែលត្រូវវិនិយោគលើដីឡូត៍មានលក្ខណៈដូចម្តេច ដើម្បីទទួលបានជោគជ័យ និងកាត់បន្ថយហានិភ័យខ្ពស់។
វាគ្មិនសំខាន់ៗដែលចូលរួមក្នុងកម្មវិធី ដែលនឹងរៀបចំធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុននាថ្ងៃទី៣១ កក្កដាខាងមុខរួមមាន លោកមេធាវីឃីម សៀកឡុងមកពីក្រុមមេធាវីដឺហ្គេត លោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។ លោកម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UTRST និងលោក ឆម ចំរើន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ATSOLUTION។
លោកខាត់ បូរ៉ាបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងសិក្ខាសាលាពិសេសនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងជាច្រើនដូចជា ទី១ ចែករំលែកអំពីគន្លឹះជោគជ័យក្នុងការលក់ដីឡូតិ៍។ ទី២ ចែករំលែកគន្លឹះជោគជ័យក្នុងការរៀបចំបង្កើតគម្រោងដីឡូតិ៍ ទី៣ ចែករំលែកអំពីគន្លឹះក្នុងការប្រើប្រាស់ព័ត៌មាន និងទិន្នន័យទីផ្សារក្នុងការលក់ដីឡូតិ៍ និងរៀបចំគម្រោងដីឡូតិ៍ និងទី៤ ធ្វើការចែករំលែកអំពីច្បាប់ក្នុងការពុះដីឡូតិ៍ និងរបៀបផ្ទេរកម្មសិទ្ធិ។
លោកម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន UTRSUT បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះពិតជាមានលក្ខណៈពិសេស និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃទីផ្សារដីឡូត៍បច្ចុប្បន្ន។ ហេតុនេះអ្នកចូលរួមសិក្ខាសាលានេះនឹងទទួលបានអត្ថប្រយោជន៍ច្រើន ព្រោះបន្ទាប់ពីចូលរួមសិក្ខាសាលានេះ ពួកគេនឹងអាចយល់ដឹងពីវិធីសាស្រ្តទិញ និងវិនិយោគដីឡូត៍ដែលទទួលផលចំណេញខ្ពស់ និងប្រាសចាកហានិភ័យ។
ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោក យិន លាងគង់បានមានប្រសាសន៍ថា ការវិភាគព៌តមានពិតជារឿងសំខាន់មិនអាចខ្វះបាន ដើម្បីធ្វើជាទុនតំបូងផ្នែកគំនិត ដើម្បីយកមកពិចារណាមុនសម្រេចចិត្តវិនិយោគលើដីឡូត៍ ឬផ្នែកផ្សេងៗទៀតក្នុងវិស័យអចលនទ្រព្យ។
លោកបន្តថា“ការមិនទទួលបានព៌តមានត្រឹមត្រូវ ហើយចាប់ផ្តើមវិនិយោគអាចប្រឈមនឹងហានិភ័យ៥០ភាគរយរួចទៅហើយ ហេតុនេះការវិនិយោគលើចំណេះដឹង និងសិក្សាពីមូលដ្ឋានព៌តមាន ពីតំបន់ណាមួយមានសក្តានុពល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគរបាស់ខ្លួនមានសុវត្ថិភាព និងអាចរកផលចំណេញបាន”។
សាធារណៈជនអាចចូលរួមសិក្ខាសាលានេះ ដោយបង់ត្រឹមតែ ១៥ដុល្លារអាមេរិកប៉ុណ្ណោះ និងអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០១០ ៣៣៣ ០៤១, 087 88 77 18, ០៨៥ ៣១១ ១៨៣៕
