សិល្បៈ​ករល្បីៗ៩រូប​ កំពុង​លេចធ្លោ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ បច្ចុប្បន្ន​ក្រៅពី​មាន​អ្នក​ជំនួញ​ធំៗ​កំពុងតែ​សម្រុក​វិនិយោគ​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ ក៏​មាន​អ្នក​សិល្បៈ​ល្បី​ៗជាច្រើន​នាក់​កំពុងតែ​ចាប់អារម្មណ៍​ និង​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​។

នៅក្នុងចំណោម​អ្នក​សិល្បៈ​ល្បី​ៗ មាន​សិល្បៈ​ករ​ចំនួន១០រូប​កំពុង​លេចធ្លោ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ រួមមាន​ដូចជា​ លោក​ព្រាប​ សុវត្ថិ​ លោក​ខេមរៈ​ សេរី​មន្ត​ លោក​ឆាយ​ វី​រៈ​យុទ្ឋ​ អ្នកនាង​ខាត់​ សុ​ឃីម​ លោក​ហេង​ ដា​រី​ តារា​កំប្លែង​នាយ​ ពែ​កមី​ លោក​ អី​ ណូ​ តារា​សម្ដែង​ លោក​ ប៉ែន​ ចំ​រ៉ុង​ និង​លោក​សា​ហ្វិ​ន ហ្វីលី​ព រួម​ជាមួយនឹង​តារា​ជាច្រើន​នាក់​ទៀត​កំពុងតែ​បង្ហាញ​ពី​សកម្មភាព​យ៉ាង​មមាញឹក​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ដើម្បី​រកចំណូល​បន្ថែម​ពីលើ​អាជីព​របស់​ខ្លួន​។

អ្នកនាង​ ខាត់​ សុ​ឃីម​ ដែល​កំពុងតែ​ជំរុញ​ការ​លក់​ដី​ឡូ​តិ៍​ ស្ថិតនៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រហូតដល់​ប្រមាណ​ជាង១០ហិ​កតា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ការ​ចូលខ្លួន​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ការទិញ​-លក់​ដី​ឡូ​តិ៍​ មិនមែន​ទើបតែ​ចាប់ផ្តើម​នោះ​ទេ​ ពោល​គឺ​អ្នកនាង​បាន​ប្រកប​មុខ​ជំនួញ​មួយ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ “កាលពីមុន​ខ្ញុំ​ទិញ​-លក់​ក្នុង​រូបភាព​បែប​ធម្មតា​ដែល​មាន​ទំហំ​តូច​ ប៉ុន្តែ​ពេលនេះ​គឺ​ធ្វើ​គម្រោង​ធំជាង​ពេលមុន​”។ អ្នកនាង​បន្ត​ទៀត​ថា​ “សព្វថ្ងៃ​នេះ​ខ្ញុំ​កំពុង​កាន់​គម្រោង​ដី​ឡូ​តិ៍​ទំហំ​ជាង១០ហិ​កតា​ នៅ​អូរឧកញ៉ាហេង​ ស្ថិតនៅ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ លើ​ការ​លក់​ជាង​ពាក់កណ្តាល​ហើយ​”។

​អ្នក​ខាត់​ សុ​ឃី​មបាន​បន្ត​ថា​ បន្ទាប់ពី​គម្រោង​នេះ​ អ្នកនាង​មាន​គម្រោង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​វិញ​ម្ដង​ ដែ​អាច​ធ្វើ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ឬខេត្ត​ដទៃទៀត​ដែល​មាន​សក្ដានុពល​ល្អ​។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​ កំពូល​តារាចម្រៀង​សម្លេង​ស្រទន់​ លោក​ ឆាយ​ វីរៈ​យុទ្ធ​ ដែល​កំពុងធ្វើការ​វិនិយោគ​ទៅលើ​ការទិញ​-លក់​ លើ​វិស័យ​ដីធ្លី​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែរ​នោះ​ ក៏បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ “ខ្ញុំ​មើលឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ដែល​វា​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក​បន្ត​ទៀត​ “អាជីព​ជា​អ្នក​សិល្បៈ​វា​ជា​ការងារ​មួយ​ ដែល​អាច​រកចំណូល​បាន​ច្រើន​គួរសម​ ប៉ុន្តែ​ចំពោះមុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ វា​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​រកចំណូល​បាន​កាន់តែ​ច្រើន​ក្នុងរយៈពេល​ដ៏​ខ្លី​ ប្រសិនបើ​មុខ​ជំនួញ​មួយ​នេះ​ជោគជ័យ​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “បន្ទាប់ពី​គម្រោង​ដី​ឡូ​តិ៍​ក្នុង​ខេត្ត​ព្រះសីហនុ​បញ្ចប់​ ខ្ញុំ​នឹង​បោះជំហាន​ទៅកាន់​ខេត្ត​ផ្សេងទៀត​ដែល​មាន​សក្ដានុពល​ ដូចជា​កំពត​ កំពង់ចាម​ ជាដើម​”។

ជាមួយគ្នា​នេះ​លោក​ ខេមរៈ​ សេរី​មន្ត​ កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​សហការ​ចាប់ដៃ​ជាមួយ​ ឧកញ៉ា​ ឡេង​ ណា​វ៉ាត់​ត្រា​ ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ និង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ ក្រុង​ប៉ោយប៉ែត​ ក៏បាន​លើកឡើង​ពី​ចំណុច​វិជ្ជមាន​ នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ “មិនថា​គម្រោង​ទីមួយ​នៅក្នុង​ខេត្តកណ្តាល​ ឬគម្រោង​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​ គឺ​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​។ លោក​បន្ត​ទៀត​ថា​ “ពេលនេះ​គម្រោង​ទី២នៅ​ក្រុង​ប៉ោយប៉ែត​ ត្រូវ​បាន​លក់​ចេញ​ជិត ១០០ភាគរយ​ហើយ​ ហើយ​ខ្ញុំ​កំពុងតែ​សម្លឹង​មើល​ពី​សក្ដានុពល​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ខេត្តបាត់ដំបង​ កំពង់ចាម​ កំពត​ ជាដើម​ ប៉ុន្តែ​ខ្ញុំ​នៅ​មិនទាន់​ប្រាកដ​ថា​ឆ្ពោះទៅ​កាន់​ខេត្ត​ណាមួយ​ឱ្យ​ច្បាស់​នៅឡើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here