ដោយគង់ សូរិយា
ភ្នំពេញៈ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកសោម កែវម៉ាលីដា(Andy) និងទីប្រឹក្សាសមាគមនេះលោកអ៊ិន មានបានដឹកនាំសមាជិកជាច្រើនចូលរួមវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យអន្តរជាតិ(CIPS) នៅទីក្រុងបាងកកប្រទេសថៃ។
កម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ បានចាប់ផ្តើមពីថ្ងៃទី១០ ដល់១៦ កក្កដាខាងមុខនេះ។
-->
លោកសោម កែវម៉ាលីដាបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី១២ កក្កដាកន្លងមកថា ការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាមានសារៈសំខាន់់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយសារវិស័យនេះមានការរីកចម្រើនខ្ពស់ ហេតុនេះការបណ្តុះបណ្តាលធនធានមនុស្ស ជាគោលការណ៍ស្នូលរបស់សមាគម ដើម្បីធ្វើយ៉ាងណាជួយវិស័យនេះឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
លោកបន្តថា“វគ្គបណ្តុះបណ្តាលនេះ មានការទទួលស្គាល់ជាសាកល ព្រោះវគ្គនេះរៀបចំដោយអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ ពិសេសនៅសហរដ្ឋអាមេរិក”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ថា វាជាបេសកកម្មដ៏ពិសិដ្ឋរបស់សមាគម ក្នុងការពង្រីកនិងពង្រឹងលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះសមាជិក និងថ្នាក់ដឹកនាំសមាគមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ពួកគេអាចមកធ្វើជាគ្រូបង្គោល ដើម្បីចែករំលែកចំណេះដឹងដល់អ្នកក្នុងវិស័
យនេះ ពិសេសដល់យុវជនជំនាន់ក្រោយដែលកំពុងស្រេកឃ្លានចំណេះដឹង។
លោកបន្តថា “ទោះបីជាធនធានមនុស្សកម្ពុជា នៅក្នុងវិស័យនេះមានការរីកចម្រើនក្តី តែយើងនៅតែជួបបញ្ហាប្រឈម ដោយសារវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនលឿនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ”។លោកបន្តថា “ដើម្បីឲ្យវិស័យនេះកាន់តែរ៉ឹងមាំ និងទទួលបានទំនុកចិត្តលើទីផ្សារ ធនធានមនុស្សពិតជាដើរតួនាទីសំខាន់ក្នុងវិស័យ ដើម្បីឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព”៕

