ដោយគង់ សូរិយា
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ បានចេញលិខិតនិរាករណ៍ និងមោឃភាពលើប័ណ្ណកម្មសិទ្ធិចំនួន៥ របស់ក្រុមហ៊ុន ING Holding ដែលក្រុមហ៊ុននេះកំពុងអភិវឌ្ឍន៍ទីក្រុងរណបធំជាងគេនៅភាគខាងត្បូងក្រុងភ្នំពេញ។

-->
យោងតាមលិខិតលេខ៦៩៤ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ឧសភា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោកឈិត សាខុន ដែលចែងក្នុងកម្មវត្ថុលើ របាយការណ៍ស្តីពី ការមិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ឋនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ នៅក្នុងផ្ទៃដីបឹងជើងឯក ស្ថិតនៅក្នុងខ័ណ្ឌមានជ័យនិងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចលើចំណុចសំខាន់ចំនួនពីររួមមានទី១ និរាករណ៍លិខិតលេខ១៩៨ សជណ ផ ក ចុះថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៨ លិខិតលេខ៨០១ សជណ ចុះថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨ និងលិខិតលេខ១១៤៧ សជណ.ឧស ចុះថ្ងាំទី១៨ តុលា ឆ្នាំ២០១៨របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ទី២ មោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយ អ៊ិនជី ហូលឌីងចំនួន៥ប័ណ្ណ គឺប័ណ្ណលេខភព៦៨៥៧៨ ភព៦៨៥៧៩ ភព ៦៨៥៨០ ភព ៦៨៦៨៥៨២ និងលេខភព៦៨៥៨៣ ចុះថ្ងៃទី២១ ខែ មិនា ឆ្នាំ២០១៩។

លោកកែវ សេដ្ឋាបុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ING Holding មិនអាចទាក់ទងសុំការពន្យល់បាននៅឡើយទេ៕