ដោយៈ រ៉ាណេត
ភ្នំពេញៈ ការមានដៃគូប្រកួតប្រជែងនៅលើទីផ្សាររួមកាន់តែច្រើន វាមិនមែនជាបញ្ហា ឬជាឧបសគ្គដែលមិនអាជជំនះបាននោះទេ សំខាន់គឺមានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ មានគោលជំហដ៏រឹងមាំ និងការព្យាយាមអនុវត្តឱ្យបានសម្រេចនូវការងារដែលកំពុងតែមាននៅក្នុងដៃ។ នេះគឺជាការលើកឡើងរបស់លោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advanced Property ។

-->
លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងមកថា ការដែលមានដៃគូប្រជែងប្រជែងនៅលើទីផ្សាររួម វាមិនមែនឧបសគ្គ និងជារឿងដែលគួរឱ្យខ្លាចរអានោះទេ ប៉ុន្តែអ្វីត្រូវយកចិត្តទុកដាក់ និងជំនះឱ្យបាននោះ គឺព្យាយាមធ្វើការងារទាំងឡាយណា ដែលកំពុងតែមាននៅក្នុងដៃឱ្យបានសម្រេចនិងជោគជ័យជាមុនសិន។
លោកបានបន្តទៀតថា “ដើម្បីអាចឈជើង និងដណ្ដើមយកចំណែកទីផ្សារបាន ក្នុងនាមជាអ្នកជំនួញត្រូវមានចំណុច៣សំខាន់ៗ ដែលតែមាន និងធ្វើឱ្យបាន គឺការកំណត់គោលដៅ ការធ្វើផែនការ និងការព្យាយាមអនុវត្តការងារប្រកបដោយគុណភាព”។
លោក ឡុង គឹមសួគ៌ មានចែករំលែកបទពិសោធន៍រយៈពេលជាង៤ឆ្នាំនៅក្នុងការចូលខ្លួនមកប្រឡូក នៅក្នុងវិស័យអចលនទ្រព្យយ៉ាងដូច្នេះថា “ជាបទពិសោធន៍ និងការមើលឃើញរបស់ខ្ញុំ អ្នកដែលបរាជ័យនៅក្នុងវិស័យមួយនេះ ភាគច្រើនគឺមិនស្គាល់ពីខ្លួនឯងឱ្យបានច្បាស់”។ លោកបានប្រាប់ថា “នៅពេលមិនទាន់ស្គាល់ខ្លួនឯងមានជំនាញអ្វី កំពុងធ្វើអ្វើឱ្យប្រាកដ ហើយទន់ទោទៅតាមបរិបទជុំវិញខ្លួន ដែលយើងគ្មានទាល់តែសោះ នោះវាគឺជាគ្រោះថ្នាក់បំផុត”។
លោកបានលើកឡើងឧទាហរណ៍មកបញ្ជាក់ថា នៅពេលការងារមួយនៅមិនទាន់ធ្វើបានលទ្ធផលផង ហើយងាកទៅចាប់យកការងារថ្មីមួយទៀត ដោយសារតែឃើញអ្នកដទៃធ្វើបានលទ្ធផល នោះវាគឺភាពបរាជ័យមួយបាត់ទៅហើយ។ លោកបានបញ្ជាក់ថា យើងកំពុងធ្វើការជាភ្នាក់ងារលក់គម្រោង លំនៅដ្ឋានមួយមិនទាន់ជោគជ័យ១០០ភាគរយផង ប៉ុន្តែឃើញគេជោគជ័យលើការលក់គម្រោងខុនដូ ក៏បង្វែរទៅចាប់លក់គម្រោងខុនដូដូចគេដែរ ទង្វើនេះវាមិនអាចធ្វើឱ្យជោគជ័យនោះទេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ដែលកំពុងតែទទួលបានផ្លែផ្កា និងមានការទទួលស្គាល់បណ្តាក្រុមហ៊ុនអន្តរជាតិ ក្នុងនាមជាដៃគូរូបនេះបានបន្តទៀតថា ក្រៅពីមានគោលដៅ យើងក៏ត្រូវតែមានផែនការប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីអនុវត្តផងដែរ។
លោកបានបន្តឱ្យដឹងថា “ការធ្វើផែនការនៅក្នុងកិច្ចធ្វើជំនួញ ជារឿងដែលសំខាន់បំផុត ដែលប្រៀបបានទៅនឹងផែនទីដែលចង្អុលបង្ហាញទិសដៅ សម្រាប់ដើរយ៉ាងដូច្នេះ”។ លោកបន្តថា នៅពេលមានផែនការច្បាស់លាស់ នោះការអនុវត្តក៏ត្រូវធ្វើឡើងស្របតាមគោលដៅ ដែលវាមិនមែនជាការធ្វើឡើងដោយប្រថុយប្រថាននោះទេ”។
ក្រៅពីចំណុចសំខាន់ទាំង២ដូចដែលបានបញ្ជាក់នេះ ចំណុចសំខាន់មួយទៀតនោះ គឺការព្យាយាមអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះផងដែរ កក្តាធនធានមនុស្ស ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំក៏ជាចំណុចមួយដ៏សំខាន់ ដែលជួយជំរុញក្រុមហ៊ុនទាំងមូលមានភាពជោគជ័យផងដែរ។

លោកឡុង គឹមសួគ៌បានបញ្ជាក់ថា “នៅពេលដែលយើងធ្វើអ្វីមួយជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គួបផ្សំជាមួយនឹងភាពស្មោះត្រង់របស់យើង វានឹងជួយបង្កើនទំនុកចិត្តដល់អតិថិជន និងដៃគូសហការវិនិយោគ”។ លោកបន្ថែមថា “ចំណុចវិជ្ជមានទាំងអស់នេះហើយ ដែលជាមេដែកដ៏មានឥទ្ធិពល ក្នុងការឆក់យកចំណែកទីផ្សារបានយ៉ាងល្អ”៕