ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបាននិយាយថា សក្តានុពលនៃបណ្តាកោះ ក្នុងដែនសមុទ្រកម្ពុជានឹងអាចធ្វើឱ្យទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍មានសន្ទុះឡើងកើនឡើងលឿន ប្រសិនបើក្រុមហ៊ុនវិនិយោគទាំងអស់មានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍកោះឱ្យមានភាពទាក់ទាញ។

-->
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង Keller Williams បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលមានកោះជាច្រើន ស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះកោះទាំងនោះ ហាក់នៅមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួននោះទេ ខណៈមានកោះមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុនឯកជនដើម្បីវិនិយោគរួចហើយ។
លោកបានបន្តថា បើទោះបីជាទទួលបានអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាលក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគមួយចំនួន រហូតមកដល់ពេលនេះនៅមិនទាន់បានបញ្ចេញ ប្រាក់ច្រើនដើម្បីអភិវឌ្ឍន៍នៅលើកោះនោះទេ ហើយថែមទាំងមានម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះខ្លះបានលក់បន្តទៅឱ្យឈ្មួញជាបន្តទៀតផង”។
លោកគីម ហ៊ាងមានប្រសាសន៍ថា នៅពេលដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះបញ្ចេញទុនដើម្បីអភិវឌ្ឍន៍នោះ តំបន់កោះនៅក្នុងដែនសមុទ្រកម្ពុជា នឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត ចំណែកសក្ដានុពលដីនៅទីនោះក៏នឹងឡើងតម្លៃច្រើនដែរ។ ម្ចាស់គម្រោងអភិវឌ្ឍន៍ អាចចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ ដើម្បីចាប់យកតម្លៃទីផ្សារអចលនទ្រព្យឡើងខ្ពស់ គឺបន្ទាប់ពីមានផ្លូវថ្នល់ ស្ពាន និងការធ្វើដំណើរមានភាពងាយស្រួល មានផាសុកភាព។
លោកបានលើកសំណូមពរថា “ប្រសិនបើក្រុមហ៊ុន ទទួលបានសិទ្ធិវិនិយោគលើកោះហើយ គេគួរតែធ្វើការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា សណ្ឋាគារ ខុនដូ និងមធ្យោបាយធ្វើដំណើរនាំភ្ញៀវដើរកម្សាន្តជុំវិញកោះជាដើម”។
លោកចឹ្រក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបា ននិយាយថា ការអភិវឌ្ឍដែលមានផែនការច្បាស់លាស់ នឹងនាំមកនូវសក្តានុពលដល់តំបន់ ហើយនៅពេលអ្នកវិនិយោគបរទេស ចូលមកវិនិយោគវានឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញច្រើន។
លោកបន្តថា “គម្រោងអភិវឌ្ឍន៍នៅតាមតំបន់កោះ តែងតែងាយទទួលជោគជ័យ ព្រោះធម្មជាតិនៅតំបន់កោះកម្ពុជាគឺមានភាពភាក់ទាញខ្លាំង”។
ប្រទេសកម្ពុជាមានកោះចំនួន64 ក្នុងនោះមានកោះចំនួន54 ស្ថិតនៅក្នុងទឹកដីខេត្តព្រះសីហនុ កោះក្រៅពីនោះស្ថិតនៅក្នុងខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ប៉ុន្តែរហូតមកដល់ពេលនេះ កោះចំនួន28 ស្មើនឹងផ្ទៃដីទំហំជាង18ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ប្រណីត ប៉ុន្តែការអនុវត្តជាក់ស្តែង គេឃើញមានកោះចំនួនតិចប៉ុណ្ណោះ ដែលបានអភិវឌ្ឍជាបណ្តើរៗជាតំបន់ទេសចរណ៍ដូចជា កោះពស់ កោះដែកគោល កោះសង្សារ កោះតាង និងកោះរុងជាដើម។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា តំបន់កោះនានាពិសេសបណ្តាកោះនានា នៅក្នុងខេត្តព្រះសីហនុបាននិងកំពុងទាក់ទាញការវិនិយោគ ពិសេសកំនើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកើនឡើងជាប្រចាំ ដោយសារលំហូរភ្ញៀវបានចាកចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកំសាន្តនៅតាមបណ្តាកោះនានាកាន់តែច្រើន។

លោកបន្តថា “ក្រុងព្រះសីហនុ បាននិងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង ហេតុនេះភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចាកចេញច្រើនពីទីក្រុងនេះ ហើយស្វែងរកការលំហែរនៅតាមបណ្តាកោះនានាកាន់តែច្រើន”។លោកបន្តថា “និន្នាការបែបនេះកំពុងកើតឡើងនៅខេត្តព្រះសីហនុ ដែលធ្វើឲ្យតំបន់កោះនានាកាន់តែរីកចម្រើន និងទាក់ទាញការវិនិយោគកាន់តែច្រើន”៕