អ្វី​ជា​ភាព​ប្រឈម​របស់​អ្នកដឹកនាំ​ និង​វិធីសាស្ត្រដោះស្រាយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុងនាម​ជា​អ្នកដឹកនាំ​អ្នក​ត្រូវការ​និយាយ​ច្រើន​ អនុវត្តន៍​ជា​គំរូ​ច្រើន​ ហត់នឿយ​បន្តិច​ហើយ​ ។ នៅ​លើ​ផ្លូវ​មួយ​នេះ​ អ្នក​ប្រហែលជា​ត្រូវ​ជួប​គ្រោះភ័យ​ជាច្រើន​យ៉ាង​។ អ្នក​ត្រូវ​ជួប​ភាព​ភ័យខ្លាច​ ការ​បាក់ទឹកចិត្ត​ ហើយ​មាន​បញ្ហា​ជីវិត​ជាច្រើន​ទៀត​ ដែល​ចូលខ្លួន​មក​តាម​រំខាន​អ្នក​មិន​ឱ្យ​ទទួល​បាន​ជោគជ័យ​។

អ្នក​ជោគជ័យ​លើ​លោក​ទាំងអស់​ ភាគច្រើន​សុទ្ធតែ​កើតចេញមកពី​ស្ថានភាព​លំបាក​ ហើយក៏​កើតចេញមកពី​ការ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ ដើម្បី​ពុះបំបែក​គ្រោះកាច​ទាំងឡាយ​ ប្រកប​ទៅ​ដោយ​ក្តី​សង្ឃឹម​ រហូតដល់​ឃើញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់​ នៃ​លទ្ធផល​ដែល​មនុស្ស​គ្រប់គ្នា​មិន​អាច​ធ្វើ​បាន​។

តើ​អ្នកដឹង​ទេ​! មានតែ​ការដែល​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា​ទេ​ ទើប​អាច​ធ្វើ​ឱ្យ​អ្នក​សម្រេចជោគជ័យ​បាន​ដោយ​ក្តី​អស្ចារ្យ​! មានតែ​ការដែល​អ្នក​ហ៊ាន​បំបែក​នូវ​របាំង​នៃ​ភាព​ភ័យខ្លាច​ ដើម្បី​ចូលខ្លួន​មក​ច្បាំង​ជាមួយនឹង​ភាព​លំបាក​ទាំងឡាយ​ ហើយ​ប្រឈមមុខ​ជាមួយ​វា​គ្រប់​កាល​លៈ​ទេ​ ទើប​អាច​ធ្វើ​ឱ្យ​អ្នកទទួល​បាន​នូវ​ស្នាមញញឹម​ និង​វីរៈ​ភាព​អមតៈ​។ មនុស្ស​ភាគច្រើន​តែងតែ​ខ្លាច​ឧបសគ្គ​ ចង់​គេច​ចេញពី​ស្ថានភាព​លំបាក​ និង​មិន​ចង់​តស៊ូ​ក្នុង​ជីវិត​ តែ​ពួកគេ​ភ្លេច​ទៅ​ហើយ​ថា​ ពួកគេ​ជា​មនុស្ស​! ពួកគេ​មិន​អាច​គេច​ផុត​ពី​ស្ថានភាព​ប្រែប្រួល​នៃ​ធម្មជាតិ​របស់​មនុស្ស​បានទេ​។

​បើ​គិត​ឱ្យ​ល្អិត​ជាង​នេះ​ ទៅទៀត​យើង​នឹង​ឃើញថា​ ដរាបណា​ផែនដី​នៅតែ​វិល​ ជីវិត​របស់​អ្នក​នៅតែ​មាន​សុខ​ និង​ទុក្ខ​ ក៏​ប្រាកដជា​ផ្លាស់​ប្តូរ​វេន​គ្នា​ ចូល​មក​ក្នុង​អារម្មណ៍​របស់​អ្នកជា​ដរាប​ ហាក់ដូចជា​ដំណើរ​វិវត្ត​នៃ​ថ្ងៃ​ដូច​ច្នោះ​ដែរ​។

ច្បាប់​ធម្មជាតិ​បាន​កំណត់​ថា​ គ្មាន​អ្នកណា​សុខ​រហូត​នោះ​ទេ​ តែ​ក៏​គ្មាន​អ្នកណា​ទុក្ខ​រហូត​នោះ​ដែរ​ ហេតុនេះ​ទុក្ខ​ដែល​អ្នក​កំពុង​ប្រឈម​ប្រាកដជា​ នឹង​រលត់​នៅពេល​ណាមួយ​ជាក់ជា​មិនខាន​ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​មិនមែន​អង្គុយ​ចិញ្ចឹម​ទុក្ខ​នោះ​ទេ​ តែ​ត្រូវ​ក្រោកឈរ​ឡើង​ហើយ​ដើរសំដៅទៅ​រក​ពន្លឺ​ថ្មី​នៃ​ជីវិត​។

​ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​អ្នកដឹកនាំ​ពិតប្រាកដ​មែន​ នោះ​អ្នក​នឹងអាច​ក្លាយទៅជា​អ្នកដឹកនាំ​ជាក់ជា​មិនខាន​ ព្រោះថា​ប្រសិនបើ​អ្នក​អាច​អនុវត្ត​តាម​ចំណុច​វិជ្ជមាន​ទាំងអស់​នេះ​ ទោះជា​មិន​អាច​ក្លាយទៅជា​អ្នកដឹកនាំ​សង្គម​ យ៉ាងហោចណាស់​អ្នក​ក៏​ក្លាយជា​អ្នកដឹកនាំ​ខ្លួនឯង​ ឬគ្រួសារ​ដ៏​ល្អ​ម្នាក់​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here