តើ​គណនីចរន្ត​ និង​តុល្យភាព​គណនីចរន្ត​មានន័យ​ដូចម្តេច​?

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

ភ្នំពេញ​៖ គណនីចរន្ត​ (Current​ account​) នៅក្នុង​ន័យ​សេដ្ឋកិច្ច​ គឺជា​ធាតុ​មួយ​ក្នុងចំណោម​ធាតុ​ដ៏​សំខាន់​ពីរ​ នៃ​តុល្យភាព​ប្រាក់ចំណាយ​ (Balance​ of​ payments​) ដែល​ធាតុ​មួយទៀត​ គឺ​គណនី​មូលធន​ (Capital​ account​)។

​គណនីចរន្ត​ គឺជា​ផលបូក​នៃ​តុល្យភាព​ពាណិជ្ជកម្ម​ (ការនាំចេញ​ ដក​ ការនាំចូល​) ចំណូល​សុទ្ធ​ (ការប្រាក់​ និង​ភាគលាភ​ជាដើម​) និង​ប្រាក់ចំណាយ​អាច​ផ្ទេរ​បាន​សុទ្ធ​ (ដូចជា​ជំនួយបរទេស​)។

“តុល្យភាព​គណនីចរន្ត​” គឺជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ពីរ​ សម្រាប់​វាស់វែង​ធម្មជាតិ​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​មួយ​ ដែល​មធ្យោបាយ​មួយទៀត​គឺ​លំហូរ​ចេញ​មូលធន​សុទ្ធ​(net​ capital​ outflow​)។ គណនីចរន្ត​លើស​បង្កើន​ទ្រព្យសកម្ម​បរទេស​សុទ្ធ​របស់​ប្រទេស​មួយ​។ ចំណែក​ឯឱនភាព​គណនីចរន្ត​ មាន​លក្ខណៈ​ផ្ទុយគ្នា​។ ទាំង​ប្រាក់​ចំណាយ​​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​គណនា​។ វា​ត្រូវ​បាន​ហៅថា​ជាគ​ណនី​ចរន្ត​ ព្រោះ​ទំនិញ​ និង​សេវាកម្ម​ ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​បច្ចុប្បន្ន​។

ការកាត់បន្ថយ​ឱនភាព​គណនីចរន្ត​

ដើម្បី​កាត់បន្ថយ​ឱនភាព​គណនីចរន្ត​ ជា​ធម្មតា​ត្រូវ​បង្កើន​ការនាំចេញ​ ឬកាត់បន្ថយ​ការនាំចូល​ ដែល​អាច​ធ្វើ​បាន​តាមរយៈ​ការ​រឹត​បន្តឹង​ការនាំចូល​ ការ​ដាក់កំណត់​ (quota​) ឬកាតព្វកិច្ច​ ឬឧបត្ថម្ភ​ការនាំចេញ​ (subsidize​ exports​)។ គេ​ក៏អាច​បញ្ចុះតម្លៃ​រូបិយវត្ថុ​ក្នុង​ស្រុក​ដើម្បី​ជំរុញ​ការនាំចេញ​ ដែល​អាច​នាំ​ដល់​ការ​បង្កើន​តុល្យភាព​ប្រាក់ចំណាយ​ផង​ដែរ​។ ក្រៅពី​នេះ​ការ​តម្រូវការ​ចំណាយ​របស់​រដ្ឋាភិបាល​ សម្រាប់​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​ក៏​មានប្រសិទ្ធភាព​ផង​ដែរ​។

ការបង្កើត​សញ្ជ័យ​ក្នុង​ស្រុក​ ឬបន្ថយ​កម្ចី​ក្នុង​ស្រុក​ រួម​ទាំង​កម្ចី​ដោយ​រដ្ឋាភិបាល​ជាតិ​ ក៏​ជា​មធ្យ​បាយ​ជួយ​កាត់បន្ថយ​ឱនភាព​គណនីចរន្ត​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here