កម្ពុជា​ បារាំង​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​ចំនួន៣ ជាគោល​ដៅ​ទេសចរណ៍​បន្ថែម​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD​) បាន​ប្ដេជ្ញា​ជំរុញ​ការអនុវត្ត​គម្រោង​ «ទីក្រុង​ប្រកប​ដោយ​បរិ​យា​ប័ន្ន» សម្រាប់​ទីក្រុង​នៅក្នុង​ខេត្ត​ចំនួន៣​ រួមមាន​ ខេត្តកំពត​ ខេត្តបាត់ដំបង​ និង​ខេត្តក្រចេះ​ ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី២​ (secondary​ urban​ tourism​ destination​) បន្ទាប់ពី​គោលដៅ​ទេស​ចរ​ណ៍​ធំៗ​របស់​កម្ពុជា​ ដូចជា​ សៀមរាប​-អង្គរ​ រាជធានី​ភ្នំពេញ​ និង​តំបន់ឆ្នេរ​សមុទ្រ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក​ Philippe​ Sternmetz​ នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​ ដោយ​បាន​ផ្តល់​ការ​គាំទ្រ​លើ​គម្រោង​ខាងលើ​ ដែល​កន្លងមក​ក្រសួងទេសចរណ៍​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ អង្គការ​ UNESCO​ បាន​សហការ​គ្នា​រៀបចំ​អភិវឌ្ឍន៍​ទី​ក្រង​ទាំង៣ខាងលើ​ ជាទី​ក្រុង​ទេសចរណ៍​ វប្បធម៌​បេតិកភណ្ឌ​ និង​គោល​ដៅ​ទេសចរណ៍​ទី២ផង​ដែរ​។

គំរោង​នេះ​ ដើម្បី​ធានា​បាន​នូវ​ការ​ស្នាក់នៅ​រយៈពេល​យូរ​ របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ ចាំ​ចាច់​ត្រូវ​មានការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​ទស្សនវិស័យ​គន្លឹះ​សំ​ខាន់​ៗ ដល់​ក្រុម​ជំនាញការ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ក្នុង​ដំណើរ​កិច្ច​សហប្រតិបត្តិ​ការជំរុញ​រៀបចំ​ក្រុង​ នៃ​ខេត្ត​ទាំង​បី​ខាងលើ​នេះ​។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ និង​ប្រធាន​គណៈប្រតិភូ​ បាន​វាយតម្លៃ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងទេសចរណ៍​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ នា​ពេល​កន្លងមក​ និង​បាន​ប្តេជ្ញា​រួមគ្នា​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គ្នា​ឲ្យ​រឹតតែ​ខ្លាំង​ថែមទៀត​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​ដើម្បី​បន្ត​ដើរតួ​នាទី​កាន់តែ​សំខាន់​ ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ពិសេស​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​កាន់តែ​ច្រើនឡើង​ និង​បន្ត​ការ​ស្នាក់នៅ​យូរ​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here