ស្រីលង្កានឹងផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពី៤៨ប្រទេស

0

ដោយ ៖ ប៊ី

ស្រីលង្កា ៖ ប្រទេសស្រីលង្កានឹងផ្តល់ទិដ្ឋាការរយៈពេលមួយខែ ដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពីប្រទេសជិត៥០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទេសចរណ៍ បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីខែមេសា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសស្រីលង្កា លោក John Amaratunga បានប្រកាសនៅថ្ងៃពុធកន្លងមកថា រដ្ឋាភិបាលនឹងលើកលែងថ្លៃសេវាទិដ្ឋាការ ដែលមានស្រាប់(២០ ដុល្លារសម្រាប់ជនជាតិមកពីអាស៊ីខាងត្បូង និង៣៥ដុល្លារសម្រាប់ភ្ញៀវទេស​ចរផ្សេងៗ) ចាប់ពីថ្ងៃទី១ ខែសីហា សម្រាប់ការមកដល់របស់ទេសចរពីប្រទេសចំនួន ៤៨ ខណៈដែលប្រទេសនេះ នៅតែបន្តធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ដែលកំពុងមានការថមថយងើបឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទិដ្ឋាការឥតគិតថ្លៃត្រូវបានអនុវត្តទាំងភ្ញៀវទេសចរ និងអ្នកដែលមកធ្វើទស្សនកិច្ចក្នុងគោលបំណងធ្វើជំនួញ ហើយនឹងមានប្រសិទ្ធិភាពរយៈពេល៦ខែ។

ស្រីលង្កាបានចាប់ផ្តើមទទួលបានកំណើនទេសចរនៅពាក់កណ្តាលឆ្នាំនេះ។ ចំនួនអ្នកទស្សនាបានកើនឡើង១២% ក្នុងឆ្នា២០១៨ បើប្រៀបធៀបនឹងឆ្នាំមុន ហើយប្រទេនេះ បានជាប់ឈ្មោះជាប្រទេសកំពូល ក្នុងតារាងទិសដៅទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០១៩ ដោយសារភាពស្រស់ស្អាត សត្វព្រៃ ភាពនៃអស្ចារ្យធម្មជាតិ និងការស្វាគមន៍របស់ប្រជាជនក្នុងតំបន់។

ប៉ុន្តែវិស័យទេសចរណ៍បានជាប់គាំងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ នៅក្នុងខែ មេសា ដែលបានសម្លាប់មនុស្សចំនួន២៦៣នាក់។ ចំនួនអ្នកទេសចរអន្តរជាតិនៅក្នុងខែឧសភាបានធ្លាក់ចុះ៧១% ដែលជាកម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ប្រទេសស្រីលង្កាបានបញ្ចប់មួយទសវត្សរ៍មុននេះ។ នេះបើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា៕

LEAVE A REPLY

Please enter your comment!
Please enter your name here