ដោយ Donald Lee
ប៉េកាំង៖ ចិនបានឆ្លងបានល្មើសបន្ទាត់ក្រហម ក្នុងការសងសឹកចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិកលោកDonald Trump លើទំនិញចិនស្ទើរតែទាំងអស់ដែលនាំចេញទៅកាន់អាមេរិកដោយបន្ទាបតម្លៃរូបិយប័ណ្ណរបស់ខ្លួន។ នេះបើយោងតាមអ្នកសេដ្ឋកិច្ច។
ទីក្រុងប៉េកាំង បានអនុញ្ញាតឱ្យប្រាក់យន់ធ្លាក់ចុះដល់កំរិតទាបបំផុត ក្នុងរយៈពេល ១១ឆ្នាំ ដែលបណ្តាលឱ្យមានភាពវឹកវរនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។
សេដ្ឋវិទូជឿជាក់ថា ធនាគារកណ្តាលចិនបានបន្ទាបតម្លៃរូបិយប័ណ្ណរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយរបស់លោក Trump លើក្រុមទំនិញចិនដែលមានតម្លៃ៣០០ពាន់លានដុល្លារ។
ពន្ធគយនេះនឹងកើនឡើងដល់១០ ភាគរយនៅថ្ងៃទី១ ខែកញ្ញា ប៉ុន្តែអាចនឹងកើនឡើងខ្ពស់ដល់២៥ភាគរយ។
តាមរយៈការធ្វើឱ្យប្រាក់យន់ចុះខ្សោយដល់ប្រាក់ដុល្លារ អ្នកនាំចូលអាមេរិកអាចទទួលបានការធូរស្រាលពីការបន្ថែមថ្លៃដើមពីពន្ធគយថ្មី និងជំរុញឱ្យរក្សាបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន។
លោក Trump Chandler ប្រធានអ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Bannockburn Global Forex បានប្រាប់ទូរទស្សន៍ CNBC ថា “ខ្ញុំគិតថា វាបំផ្ទុះសង្គ្រាមមួយ។ ប្រសិនបើលោក Trump នឹងដំឡើងពីពន្ធគយ ១០ភាគរយ ទៅ២៥ភាគរយ ចំពោះទំនិញផ្សេងទៀត ចិនបានត្រៀមធ្វើឲ្យរូបិយប័ណ្ណធ្លាក់ចុះបន្ថែមទៀត។
លោក Trump បានរិះគន់រដ្ឋាភិបាលចិនកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីទទួលបានព័ត៌មានអំពីការកែប្រែរូបិយប័ណ្ណ។
លោក Trump បាននិយាយថា “ចិនបានទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ ទៅជាកម្រិតទាបស្ទើរតែជាប្រវត្តិសាស្ត្រ។ វាត្រូវបានគេហៅថា “រៀបចំរូបិយវត្ថុ”។
លោក Trump បានសរសេរតាមបណ្តាញសង្គម Tweeter ថា “ចិនមានចេតនាបន្តទទួលប្រាក់រាប់រយលានដុល្លារ ដែលពួកគេបានយកពីអាមេរិកជាមួយនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការកេងបន្លំរូបិយវត្ថុ។ ដូច្នេះការធ្វើបែបនេះ វាគួរតែត្រូវបានបញ្ឈប់ជាច្រើនឆ្នាំមកហើយ។
បន្ទាប់ពីការប្រកាសពីពន្ធគយរបស់អាមេរិកទៅលើទំនិញចិន និងការទម្លាក់តម្លៃរូបិយប័ណ្ណចិន ទីផ្សារនៅអាមេរិក និងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពេញមួយយប់។
ក្រុមហ៊ុន The US Dow Jones បានធ្លាក់ចុះដល់កំរិតទាបបំផុត ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៨ ហើយបានធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលដល់ ២,៩ ភាគរយ ក្នុងរយៈពេលពេញមួយយប់។
លោក Trump បានបន្ថែមថា “ចិនតែងតែប្រើឧបាយកលរូបិយប័ណ្ណ ដើម្បីលួចធ្វើអាជីវកម្ម និងរោងចក្ររបស់យើង ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់យើង ធ្វើឱ្យប្រាក់ឈ្នួលកម្មកររបស់យើងធ្លាក់ចុះ ហើយធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិករយើង។ វាមិនអាចកើតឡើងទៀតទេ!។
ក្រុមសេដ្ឋវិទូជឿជាក់ថា យុទ្ធសាស្ត្រ Trumps ប្រឆាំងនឹងចិនអាចនឹងបង្កជាបញ្ហានិងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៅអាមេរិកដែលលោក Trump បាននិងកំពុងឃ្លាំមើលពីសុខភាពសេដ្ឋកិច្ចរបស់អាមេរិក។
លោក Peter Boockvar ប្រធានអ្នកយុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុន Bleakley Global Advisors បានប្រាប់ទូរទស្សន៍ CNBC បានមានប្រសាសន៍ថា “[Trump] រស់នៅដោយទីផ្សារ ស្លាប់ដោយសារទីផ្សារ ហើយរស់នៅដោយពន្ធ និងស្លាប់ដោយសារពន្ធ។
ដើម្បីបន្ថែមការប្រមាថចំពោះការរងរបួស រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ឈប់រាល់ការទិញផលិតផលកសិកម្មអាមេរិក ក្នុងការឆ្លើយតបនឹងសកម្មភាព និងអាកប្បកិរិយារបស់លោក Trump ក្នុងអំឡុងពេលចរចាពាណិជ្ជកម្មដែលកំពុងបន្ត។
ដើមឡើយ ប្រទេសចិនបានយល់ព្រមទិញសណ្តែកសៀងរាប់លានតោន ពីអាមេរិកតាមការស្នើសុំពិសេសពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Trump។ ការនាំចេញសណ្តែកសៀងរបស់អាមេរិក បានធ្លាក់ចុះដល់កំរិតទាបបំផុតនៅឆមាសទីមួយ នៃឆ្នាំ ២០១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ។
រដ្ឋាភិបាលចិនបានឲ្យដឹងថា ការទិញសណ្តែកសៀងនឹងត្រូវបានធ្វើឡើងដោយសុឆន្ទៈ។ នេះយោងតាមសេចក្តីអត្ថាធិប្បាយបានលើកឡើងថា អាមេរិកចាំបាច់ត្រូវតបវិញនូវកាយវិការនេះ និងជំនួបជាមួយចិនពាក់កណ្តាលផ្លូវទៀត អំឡុងពេលចរចាពាណិជ្ជកម្ម។
ការផ្អាកការទិញផលិតផលកសិកម្មអាមេរិក អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុទ្ធនាការបោះឆ្នោតឡើងវិញ របស់លោក Trump នៅឆ្នាំក្រោយ។ ប្រជាសាស្ត្រសំខាន់ នៅក្នុងមូលដ្ឋានអ្នកបោះឆ្នោតរបស់លោក Trump គឺកសិករនៅក្នុងវិស័យកសិកម្មរបស់អាមេរិក។
ប្រធានសហព័ន្ធការិយាល័យកសិកម្មអាមេរិក លោក Zippy Duvall បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រកាសរបស់ចិនដែលថា ខ្លួននឹងមិនទិញផលិតផលកសិកម្មណាមួយពីអាមេរិក គឺជាការប៉ះទង្គិចដល់កសិករ និងអ្នកចិញ្ចឹមសត្វរាប់ពាន់នាក់ដែលកំពុងតស៊ូដើម្បីទទួលបាន។
សេដ្ឋវិទូជឿជាក់ថា សង្គ្រាមពាណិជ្ជកម្ម អាចនាំទៅរកការបញ្ចប់សកលភាវូបនីយកម្មដែលមនុស្សជំនាន់ក្រោយបានយល់ និងឆ្លងកាត់វាចាប់តាំងពីសង្គ្រាមលោកលើកទី ។
លោក Neil Shearing ប្រធានក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុន Capital Economics បានថ្លែងថា “ការបញ្ហានេះគឺជាក្តីកង្វល់ជាមូលដ្ឋានមួយ។ យើងអាចនឹងមើលឃើញពីការបញ្ចប់នៃសាកលភាវូបនីយកម្ម។
លោក Shearing បានបន្ថែមថា “យើងអាចនឹងឃើញទីបញ្ចប់នៃពិភពលោក ដូចដែលយើងបានដឹងហើយ។
លទ្ធផលដែលអាចកើតមានមួយផ្សេងទៀត ពីការធ្វើឱ្យមានប្រើប្រាស់យុទ្ធសាស្ត្រពាណិជ្ជកម្ម (អាវុធ) ជាបន្តរបស់អាមេរិកនៅជុំវិញពិភពលោក អាចបង្កើតប្លុកពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងមួយ ដោយលើកលែងតែអាមេរិក។
ឧទាហរណ៍ អាស៊ាននិងប្រទេសមានសេដ្ឋកិច្ចធំៗមួយចំនួន នៅអាស៊ីត្រូវបានបង្កើតឡើង ដើម្បីត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមបែបសហភាពអឺរ៉ុបដែលមានឈ្មោះថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រៀមរួចរាល់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០ ។ ប្លុកពាណិជ្ជកម្មនេះនឹងមានប្រជាជនជាងពាក់កណ្តាល នៃប្រជាជនលើពិភពលោក និងមាន៣០ភាគរយនៃផលិតផលសរុបក្នុងក្នុងសពិភពលោក។
លោក Alan Blinder សេដ្ឋវិទូនៅសាកលវិទ្យាល័យ Princeton University បាននិយាយថា “ការភ័យខ្លាចពិតប្រាកដមួយសម្រាប់ខ្ញុំ ក្នុងនាមជាជនជាតិអាមេរិក គឺមិនមែនជាការធ្វើឱ្យប្រសើរឡើងដូចប្រទេសចិន និងលោកខាងលិចនោះទេ។
លោកបានបន្តថា “ខ្ញុំមានទំនោរគិតថា លទ្ធផលអាក្រក់មិនមែនថា ប្រទេសចិនត្រូវបានផ្តាច់ចេញពីពិភពលោកទាំងមូលនោះទេ គឺថាអាមេរិកត្រូវបានផ្តាច់ចេញពីពិភពលោក។ នោះជាសេណារីយ៉ូមួយ ហើយវាគ្រាន់តែជារឿងដែលគួរឱ្យខ្លាចប៉ុណ្ណោះ”៕