ដោយ ម៉ាណេត
ភ្នំពេញ៖ ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងនឹងត្រូវបំពាក់ឲ្យមានវ៉ាយហ្វាយ (Free Wifi) មុនឆ្នាំ២០២៣។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកាលពីរសៀលថ្ងៃទី6 ខែសីហា ឆ្នាំ 2019 បានថ្លៃក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញថា កត្តាសន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
-->
លោកមានប្រសាសន៍ថា “បន្ទឹមនឹងនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឲ្យមានវ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍និមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ឲ្យបានមុនឆ្នាំ២០២៣។
លោកថោង ខុនបានបន្តថា វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា មាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ៣,៣លាននាក់ ធ្លាក់ចុះ៨,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨៕