ចំណេះដឹង! សំនួរ-ចម្លើយសំខាន់ៗពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនវត្ថុ​ដែលលោក អ្នក​ត្រូវ​ដឹង?

0
កាន់កាប់​អចលនវត្ថុ

ដោយ វុត្ថា

ភ្នំពេញៈ បញ្ហាដីធ្លី នៅតែ​ជា​រឿងចម្រូងចម្រាស់​មួយ​នៅ​ប្រទេស​កម្ពុជា។ របប​កម្មសិទ្ធិ​ចាស់​មុន​ឆ្នាំ១៩៧៩ ត្រូវបាន​លុប​ចោល។ អ្នក​ដែល​កាន់កាប់អចលនវត្ថុ ក្រោយ​ឆ្នាំ១៩៧៩ នៅតែមាន​ច្រើន ដែល​កាន់កាប់​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។ វិវាទ​បានកើត​ឡើងជា​ញឹកញាប់​ជុំវិញ​បញ្ហាដីធ្លី​នេះ។

ខាងក្រោម​នេះ គឺ​សំនួរចម្លើយ ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​បណ្ណ​កម្មសិទ្ធិ។

សំណួរ ១-ខ្ញុំ​កាន់កាប់​ដី​មួយកន្លែង​តាំងពី​ឆ្នាំ ១៩៧៩មក។ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់ ក៏ប៉ុន្តែ មិនមាន​ប័ណ្ណកម្មសិទ្ធិ។ តើ​ខ្ញុំ​មាន​សិទ្ធិ​ជា​អ្វី​លើដី​នេះ?

ចម្លើយៈ អ្នក​ដែល​បាន​កាន់កាប់​ដី ឬ​អចលនវត្ថុ​ផ្សេងទៀត​ពី​ឆ្នាំ១៩៧៩មក បើសិនជា​មិនទាន់មាន​ប័ណ្ណកម្មសិទ្ធិ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ អ្នកនោះ​មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នេះ​ទេ គឺមាន​សិទ្ធិ​ត្រឹមតែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។

សំណួរ២-ក្នុងឋានៈ​ជា​ភោគី តើ​ខ្ញុំ​មាន​សិទ្ធិ​អ្វីខ្លះ​លើដី​នេះ?

ចម្លើយៈ ភោគី​មាន​សិទ្ធិ​ប្រហាក់ប្រហែល​នឹង​ម្ចាស់​កម្មសិទ្ធិ​ដែរ ពោល​គឺមាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​នៅ ដាំ​ដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬ​ផ្ទេរ​ទៅ​ឲ្យ​កូនចៅ ។ល។នៅក្នុង​ករណី​មានការ​ផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួល​អចលនវត្ថុ​ពី​ភោគី គឺ​ទទួល​បាន​ត្រឹមតែ​សិទ្ធិ​ជា​ភោគី​ដដែល មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​នោះទេ។

ភោគី និង​កម្មសិទ្ធិករ មាន​ទំហំ​សិទ្ធិ​ដូចគ្នា។ អ្វីដែល​ខុសគ្នា គឺ​នៅត្រង់ថា សិទ្ធិ​ជា​កម្មសិទ្ធិករ​គឺជា​សិទ្ធិ​ស្ថាពរ ហើយ​អាច​ទទួល​បានការ​គាំពារ​ពី​ច្បាប់ ដោយ​ពេញលេញ។ ចំណែក​សិទ្ធិ​ជា​ភោគី​វិញ គឺជា​សិទ្ធិ ដែលមាន​លក្ខណៈ​បណ្ដោះអាសន្ន ដែល​អាចមាន​ការជំទាស់​តវ៉ា​បាន ទៅ​ថ្ងៃក្រោយ។

សំណួរ៣-តើ​ភោគី​អាច​ក្លាយជា​កម្មសិទ្ធិករ​បាន​ដែរឬទេ?

ចម្លើយៈ​បាន! ប្រសិនបើ​ការកាន់កាប់​នេះ ធ្វើឡើង​ដោយ​ស្របច្បាប់ ដោយ​គោរព​តាម​ល័ក្ខខ័ណ្ឌ ៥៖

-កាន់កាប់​ដោយ​ពិតប្រាកដ ពោលគឺ​មិនមែនជា​ការកាន់កាប់​ក្នុងឋានៈ​ជា​អ្នក​ចាំ​ដី ចាំផ្ទះ​ឬ​ចាំចម្ការ​ឲ្យ​គេ។

-កាន់កាប់​ដោយ​គ្មាន​ហិង្សា ពោលគឺ​មិន​ប្រើ​កម្លាំង​ចូលទៅ​ដណ្តើម​កាន់កាប់។

-កាន់កាប់​ដោយមាន​ការដឹង​ឮជា​សាធារណៈ ពោលគឺ​មិនមែន​ចូលកាន់​កាប់​ដោយ​លួចលាក់​មិន​ឲ្យ​គេ​ដឹង។

-កាន់កាប់​ដោយ​គ្មាន​ការអាក់ខាន ពោលគឺ​មិនបាន​បោះបង់​អចលនវត្ថុ​នេះ​ចោល ក្នុង​គម្លាត​មួយ​ធំ។

-កាន់កាប់​ដោយ​សុចរិត ពោលគឺ​ពេល​ចូលកាន់​កាប់ ភោគី​មិនបាន​ដឹងថា អចលនវត្ថុ​នេះ​មាន​ម្ចាស់​រួចទៅហើយ​នោះទេ។

ភោគី​ដែល​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ទាំង៥ខាងលើនេះ អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​បាន ក្រោយពី​បាន​កាន់កាប់​អចលនវត្ថុ រយៈពេល៥ឆ្នាំជាប់ៗគ្នា​ឥត​ដាច់។

សំណួរ៤- ក្រោយពី​បាន​កាន់កាប់​តាម​ល័ក្ខខ័ណ្ឌ និង​គ្រប់​រយៈពេល ដែល​កំណត់ដោយ​ច្បាប់​ហើយ តើ​ខ្ញុំ​អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​ឬទេ?។

ចម្លើយៈ​សិទ្ធិ ជា​កម្មសិទ្ធិករ មិនអាច​ទទួលបាន​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ ភោគី អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្ថាពរ លុះត្រាតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចេញ​ប័ណ្ណ សម្គាល់​កម្មសិទ្ធិ​ឲ្យ ក្រោយ​មានការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

សំណួរ៥-ក្នុងពេល​រង់ចាំ ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ តើ​ភោគី​អាច​ទទួលបាន​ប័ណ្ណ​អ្វី ដែល​សម្គាល់​ការកាន់កាប់​អចលនវត្ថុ​នេះដែរ​ឬទេ?

ចម្លើយៈ បានអាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៅ​ឲ្យ​ភោគី ដែល​កាន់កាប់​ស្រប់​ច្បាប់។ ក៏ប៉ុន្តែ​ប័ណ្ណ​នេះ គ្រាន់តែ​ជា​ភស្តុតាង​បញ្ជាក់​អំពី​សិទ្ធិ​កាន់កាប់​ប៉ុណ្ណោះ មិនមែនជា​ប័ណ្ណកម្មសិទ្ធិ ដែល​តវ៉ា​មិនបាន​នោះទេ។

សំណួរ៦-ប្រសិនបើ​ខ្ញុំ​ឃើញ​មាន​អចលនវត្ថុ​ទំនេរ​គ្មាន​ម្ចាស់ តើ​ខ្ញុំ​អាច​ចូល​កាន់កាប់​ធ្វើជា​ភោគី​បាន​គ្រប់ពេល​ឬ?

ចម្លើយៈ ការកាន់កាប់ អចលនវត្ថុ​ក្នុងនាម​ជា​ភោគី ដែល​ច្បាប់​ទទួលស្គាល់ គឺ​មានតែ​ការកាន់កាប់ មុនពេល​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​ប៉ុណ្ណោះ ពោលគឺ​មុន​ឆ្នាំ២០០១ ។ រាល់​ការចូល​កាន់កាប់​អចលនវត្ថុ នៅក្រោយ​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន គឺជា​ការកាន់កាប់​ខុសច្បាប់ ដែល​អាច​ទទួលទោស​ព្រហ្ម​ទ័​ណ្ឌ។

ប្រជាជន​ក្រីក្រ ដែល​ចង់បាន​ដី​ត្រូវតែ​ធ្វើ​ពាក្យសុំ​ទៅ​អាជ្ញាធរ តាមរយៈ​យន្តការ “សម្បទាន​ដី​សង្គមកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here