ដោយ វុត្ថា
ភ្នំពេញៈ ការផ្ទេរសិទ្ធិអចលនវត្ថុជារឿងមួយមិនមែនសាមញ្ញនោះទេ បើសិនជាយើងធ្វេសប្រហែសលើនិតិវិធីមួយចំនួន វានឹងមានបញ្ហានាពេលអនាគត ហេតុនេះការស្វែងយល់ពីរឿងនេះពិតជាមានសារៈសំខាន់ ដើម្បីបង្ការហានិភ័យនាពេលក្រោយ។
ចំពោះអចលនវត្ថុប្លង់ទន់ ដោយហេតុថាប្លង់ទន់នៃអចលនវត្ថុ ពុំមានការកំណត់ទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិលើអចលនវត្ថុដែលមានប្លង់ទន់ តាមធម្មតា ធ្វើឡើងតាមរយៈសេចក្តីបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ចាប់ពីកម្រិតរដ្ឋបាលថ្នាក់ភូមិ ឬឃុំ/សង្កាត់ ឬរហូតដល់ស្រុក/ខណ្ឌ។
ជាទូទៅដំណើរការផ្ទេរសិទ្ធិបែបនេះ មានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច ដោយសារបច្ចុប្បន្នពុំទាន់មានយន្តការ សម្រាប់ប្រមូលពន្ធលើការផ្ទេរសិទ្ធិក្នុងប្លង់ទន់ទេ ប៉ុន្តែទន្ទឹមនឹងនេះ ភាគីអ្នកទទួលការផ្ទេរអចលនវត្ថុនោះ នឹងត្រូវទទួលយកហានិភ័យនានា ដែលពាក់ព័ន្ធនឹងភាពស្រពេចស្រពិល នៃសិទ្ធិក្នុងប្លង់ទន់ ព្រមទាំងកាតព្វកិច្ចដែលពាក់ព័ន្ធ។
ចំពោះអចលនវត្ថុដែលមានប្លង់រឹងវិញ គូភាគីអាចតាក់តែងកិច្ចសន្យា ដែលមានចែងអំពីលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគីយ៉ាងលម្អិត រាប់បញ្ចូលទាំងដំណាក់កាលបង់ប្រាក់ថ្លៃទិញអចលនវត្ថុ ដោយអនុលោមទៅតាមដំណាក់កាល នៃការចាត់ចែងផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែកិច្ចសន្យាបែបនេះ គ្រាន់តែជាឯកសារនៃការព្រមព្រៀងគ្នា ជាលក្ខណៈឯកជនរវាងគូភាគីតែប៉ុណ្ណោះ ដោយមិនអាចយកទៅចាត់ចែងផ្ទេរកម្មសិទ្ធិបានឡើយ។
ដើម្បីចាត់ចែងផ្ទេរសិទ្ធិលើអចលនវត្ថុបាន គូភាគីត្រូវបំពេញបែបបទលើលិខិតយថាភូត របស់រដ្ឋបាលសុរិយោដី និងផ្តិតស្នាមមេដៃ នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច។
ឯកសារគាំទ្រ ដែលត្រូវការនៅក្នុងដំណើរការផ្ទេរសិទ្ធិនេះ រួមមានជាអាទិ៍អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណណាមួយផ្សេងទៀត ដែលអាជ្ញាធរសុរិយោដីអាចទទួលយកបាន ហើយក្នុងករណីដែលភាគីណាមួយ ជានីតិបុគ្គលក្រុមហ៊ុន ម្ចាស់ហ៊ុនត្រូវធ្វើលិខិតប្រគល់សិទ្ធិ ដើម្បីអនុញ្ញាតឱ្យអ្នកតំណាងជារូបវ័ន្តបុគ្គល បំពេញកិច្ចក្នុងនាមនីតិបុគ្គល ដែលអាចតម្រូវឱ្យមានការបញ្ជាក់ពីមេធាវី និង/ឬពីអាជ្ញាធរឃុំ/សង្កាត់។
នៅពេលមន្ត្រីសុរិយោដីបំពេញនីតិវិធី និងបែបបទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរួចហើយ ច្បាប់តម្រូវឱ្យបង់ពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិលើអចលនវត្ថុ (ដែលបច្ចុប្បន្នអត្រាពន្ធគឺ4%នៃតម្លៃអចលនវត្ថុ ដែលវាយតម្លៃដោយអាជ្ញាធរពន្ធដារ)។
ក្រោយពីបានបង់ពន្ធត្រឹមត្រូវរួចរាល់ហើយ អាជ្ញាធរសុរិយោដីនឹងបញ្ចប់នីតិវិធីនៃការផ្ទេរសិទ្ធិ ដោយធ្វើការចុះបញ្ជីការផ្ទេរនេះក្នុងកំណត់ត្រាផ្លូវការ និងចារនិទ្ទេសន៍សម្គាល់ នូវការផ្ទេរសិទ្ធិនៅលើឯកសារប័ណ្ណកម្មសិទ្ធិ ជាការបញ្ចប់ដំណើរការផ្ទេរសិទ្ធិជាផ្លូវការ និងដោយស្របច្បាប់៕