ប្រទេស​ចិន​ចាប់ផ្តើម​ត្រួតពិនិត្យ​ធនាគារ​នៅ​ទីក្រុង​ចំនួន៣២ ចំពោះ​ការអនុវត្ត​គោលនយោបាយ​ឥណទាន​អចលនទ្រព្យ

0

ដោយ វុត្ថា

ប្រទេស​ចិនៈ ប្រទេស​ចិន​នឹង​បើក​ការត្រួតពិនិត្យ លើ​អាជីវកម្ម​ធនាគារ​ទាំង​ឡាយ ដែល​ទាក់ទង​នឹង ការអនុវត្ត​គោល​នយោបាយ​ឥណទាន​​អចលនទ្រព្យ នៅក្នុង​ទីក្រុង​ចំនួន៣២ រួមមាន​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ហ្សិ​ន​សិន​ជាដើម ដើម្បី​ពិនិត្យ​មើលថា តើ​គោលនយោបាយ​ឥណទាន​របស់​ធនាគា​ទាំងនោះ ស្របតាម​បទបញ្ញត្តិ​របស់ រដ្ឋាភិបាល​ដែរឬទេ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Xinhau កាលពី​ចុង​សប្តាហ៍​នេះ​ថា គណៈកម្មការ​មូលប្បទានប័ត្រ​ធនាគារ និង​ធានារ៉ាប់រង​ចិន (CBIRC) បានចេញ​សារាចរ​មួយ​កាលពីពេលថ្មីៗនេះ ដោយបាន​បញ្ជាក់​ពី​ភារកិច្ចសំខាន់ៗ សម្រាប់​ការត្រួតពិនិត្យ​នេះ រួមទាំង​ការពិនិត្យ​មើល​គោលនយោបាយ​ឥណទាន​អចលនទ្រព្យ របស់​ធនាគារ​ដែល​ត្រូវបាន​អនុវត្ត​នាពេល​កន្លងមក។

សារព័ត៌មាន​បន្តថា និយតករ​របស់​ចិន នឹង​ពិនិត្យ​ពិចារណា​លើ​សេវាកម្ម​ហិរញ្ញប្បទាន​របស់​ធនាគារ សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ និង​ដីធ្លី ដើម្បី​ការពារ​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន ឬ​គម្រោង​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក៏ដូចជា ការអនុវត្ត​គោលនយោបាយ​ឥណទានខុសៗគ្នា​សម្រាប់​លំនៅដ្ឋាននីមួយ។

សារព័ត៌មាន​ដដែល​បន្ថែ​ថា ការចាប់ផ្តើម​ពិនិត្យ​ត្រូវបាន​ធ្វើឡើង នៅពេលដែល​ធនាគារកណ្តាល​របស់​ប្រទេស​ចិន កាលពី​ដើមខែ​នេះ បាន​អំពាវនាវ​ឱ្យ​ធនាគារ​រក្សា​ប្រាក់កម្ចី​របស់​ពួកគេ នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​កម្រិត​សម​ហេតុផល ខណៈ​ធនាគារ​នានា​បាន​បង្កើន​ការគាំទ្រ​ឥណទាន សម្រាប់​តំបន់សំខាន់ៗ និង​វិស័យ​ណា​ដែលមាន​ភាពទន់ខ្សោយ។

ធនាគារកណ្តាល​បាន​សង្កត់ធ្ងន់ថា ធនាគារ​គួរតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “ផ្ទះ​គឺ​សម្រាប់​ការរស់នៅ មិនមែន​សម្រាប់​ទុក​វិនិយោគ​នោះទេ” ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​រចនាសម្ព័ន្ធ​ឥណទាន និង​អនុវត្ត​យន្តការ​រយៈពេល​វែង ដើម្បី​រក្សា​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ឱ្យបាន​ល្អ។

ទិន្នន័យមុនៗបាន​បង្ហាញថា ប្រាក់កម្ចី​របស់​ចិន ចំពោះ​វិស័យ​អចលនទ្រព្យ​បាន​កើនឡើង ក្នុង​ល្បឿន​យឺត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដោយសារ​ការ​រឹតបន្តឹង​ការទិញ​របស់​រដ្ឋាភិបាល​នៅតែមាន​នៅក្នុង​ទីក្រុងធំ។

យោងតាម​ទិន្នន័យ​ពី​ធនាគារកណ្តាល​បានឱ្យដឹងថា នៅ​ចុងបញ្ចប់​នៃ​ត្រីមាស​ទី២ ប្រាក់កម្ចី ដែល​មិនទាន់​សង​សម្រាប់​វិស័យ​អចលនទ្រព្យ មាន​ទំហំ​រហូតដល់​ចំនួន១១,០៤ពាន់​ពាន់​លាន​យន់ (ប្រហែល១,៥៧ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក) កើនឡើង ១៤,៦ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here