ដោយ វុត្ថា
ប្រទេសចិនៈ ប្រទេសចិននឹងបើកការត្រួតពិនិត្យ លើអាជីវកម្មធនាគារទាំងឡាយ ដែលទាក់ទងនឹង ការអនុវត្តគោលនយោបាយឥណទានអចលនទ្រព្យ នៅក្នុងទីក្រុងចំនួន៣២ រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងហ្សិនសិនជាដើម ដើម្បីពិនិត្យមើលថា តើគោលនយោបាយឥណទានរបស់ធនាគាទាំងនោះ ស្របតាមបទបញ្ញត្តិរបស់ រដ្ឋាភិបាលដែរឬទេ។

-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhau កាលពីចុងសប្តាហ៍នេះថា គណៈកម្មការមូលប្បទានប័ត្រធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានចេញសារាចរមួយកាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់ពីភារកិច្ចសំខាន់ៗ សម្រាប់ការត្រួតពិនិត្យនេះ រួមទាំងការពិនិត្យមើលគោលនយោបាយឥណទានអចលនទ្រព្យ របស់ធនាគារដែលត្រូវបានអនុវត្តនាពេលកន្លងមក។
សារព័ត៌មានបន្តថា និយតកររបស់ចិន នឹងពិនិត្យពិចារណាលើសេវាកម្មហិរញ្ញប្បទានរបស់ធនាគារ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យ និងដីធ្លី ដើម្បីការពារប្រាក់កម្ចីដល់ក្រុមហ៊ុន ឬគម្រោងដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏ដូចជា ការអនុវត្តគោលនយោបាយឥណទានខុសៗគ្នាសម្រាប់លំនៅដ្ឋាននីមួយ។
សារព័ត៌មានដដែលបន្ថែថា ការចាប់ផ្តើមពិនិត្យត្រូវបានធ្វើឡើង នៅពេលដែលធនាគារកណ្តាលរបស់ប្រទេសចិន កាលពីដើមខែនេះ បានអំពាវនាវឱ្យធនាគាររក្សាប្រាក់កម្ចីរបស់ពួកគេ នៅក្នុងវិស័យអចលនទ្រព្យ ក្នុងកម្រិតសមហេតុផល ខណៈធនាគារនានាបានបង្កើនការគាំទ្រឥណទាន សម្រាប់តំបន់សំខាន់ៗ និងវិស័យណាដែលមានភាពទន់ខ្សោយ។
ធនាគារកណ្តាលបានសង្កត់ធ្ងន់ថា ធនាគារគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ “ផ្ទះគឺសម្រាប់ការរស់នៅ មិនមែនសម្រាប់ទុកវិនិយោគនោះទេ” ក្នុងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឥណទាន និងអនុវត្តយន្តការរយៈពេលវែង ដើម្បីរក្សាការអភិវឌ្ឍទីផ្សារអចលនទ្រព្យឱ្យបានល្អ។
ទិន្នន័យមុនៗបានបង្ហាញថា ប្រាក់កម្ចីរបស់ចិន ចំពោះវិស័យអចលនទ្រព្យបានកើនឡើង ក្នុងល្បឿនយឺតនៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារការរឹតបន្តឹងការទិញរបស់រដ្ឋាភិបាលនៅតែមាននៅក្នុងទីក្រុងធំ។
យោងតាមទិន្នន័យពីធនាគារកណ្តាលបានឱ្យដឹងថា នៅចុងបញ្ចប់នៃត្រីមាសទី២ ប្រាក់កម្ចី ដែលមិនទាន់សងសម្រាប់វិស័យអចលនទ្រព្យ មានទំហំរហូតដល់ចំនួន១១,០៤ពាន់ពាន់លានយន់ (ប្រហែល១,៥៧ ពាន់ពាន់លានដុល្លារអាមេរិក) កើនឡើង ១៤,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕