ដោយ វុត្ថា
ភ្នំពេញៈ ពាក្យតំបន់សេដ្ឋកិច្ចពិសេស ត្រូវគេលើកយកមកនិយាយយ៉ាងរត់មាត់ ប៉ុន្តែតើតំបន់សេដ្ឋកិច្ចពិសេស មានលក្ខណៈពិសេសដូចម្តេច មិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ។
គេហទំព័រ Propertyerea.asia សូមលើកយកចំណេះដឹងពីតំបន់នេះ មកពន្យល់ជូនមិត្តអ្នកអាន ដើម្បីបានសិក្សាស្វែងយល់។
តំបន់សេដ្ឋកិច្ចពិសេស សំដៅទៅលើមជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ និងតំបន់ផលិតកែច្នៃនាំចេញ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលផលិតកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
តំបន់សេដ្ឋកិច្ចពិសេស ជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងទាក់ ទាញអ្នកវិនិយោគតាមរយៈការអនុគ្រោះពន្ធផ្សេងៗ និងការលើកទឹកចិត្តច្រើនជាងតំបន់ផ្សេងៗទៀត ក៏ដូចជាការផ្ដល់នូវនយោបាយច្រកចេញចូលតែមួយ ក្នុងការនាំចេញ និងនាំចូល ដោយមានមន្រ្ដីរដ្ឋាភិបាលជាអ្នកផ្ដល់នូវសេវារដ្ឋបាល៕