ដោយៈ រ៉ាណេត
កោះកុងៈ ក្រុមហ៊ុនចិនខ្នាតយក្សដ៏ធំមួយ គ្រោងចំណាយទឹកប្រាក់២៩២លានដុល្លារ ដើម្បីអភិវឌ្ឍ និងកែច្នៃធ្វើជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់អន្តរជាតិលើកដំបូង ដែលមានឈ្មោះថា «តារាសាគរ ឈូងសមុទ្រវែង ជាតំបន់មួយស្ថិតនៅក្បែរឃុំត្រពាំងរូង នៃខេត្តកោះកុង។

-->
បន្ទាប់ពីមើលឃើញពីសក្ដានុពល លើវិស័យទេសចរណ៍របស់ខេត្តកោះកុង ដែលមានភាពលេចធ្លោប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពេលនេះក្រុមហ៊ុនចិនដ៏ធំមួយដែលសមាជិកសម្ព័ន្ធសហជីពចិននៅកម្ពុជា ZHENG HENG (CAMBODIA) CO., LTD បានប្រកាសពីគំរោងនេះ ដើម្បីអភិវឌ្ឍ និងកែច្នៃតំបន់តារាសាគរ ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់ពីភពលោកលើកដំបូងនៅកម្ពុជា។
គម្រោងដ៏ធំនេះ ត្រូវបានបែងចែកចេញជាតំបន់ផ្សេងៗគ្នា រួមមានដូចជា តំបន់ឆ្នេរ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេសភាពសមុទ្រតំបន់មាត់ព្រែក សួនកម្សាន្ត តំបន់អាហារដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ជាពិសេសគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានរហូតដល់៧០០បន្ទប់ ដែលអាចផ្តល់ឱកាសការងារចំនួន ២១១៦ កន្លែង ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍បង្ហាញពីក្ដីសាទរចំពោះគម្រោងអភិវឌ្ឍដ៏មួយនេះ ជាមួយនឹងការរំពឹងថា អាចជួយបង្កើនភាពទាក់ទាញ និងកៀកគរបណ្តាភ្ញៀវទេសចរណ៍ ទៅកាន់ខេត្តកោះកុងកាន់តែច្រើនថែមទៀត។
លោកស្រីបានបន្តថា “ឱ្យតែមានការអភិវឌ្ឍ ភាពល្អប្រសើរក្នុងតំបន់វានឹងកើតមានជាមិនខាន”។លោកស្រីបានបន្តទៀតថា “យើងទទួលស្គាល់ថា កោះកុង គឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្តដទៃទៀត នៃប្រទេសកម្ពុជា ដែលមានភាពទាក់ទាញលើវិស័យទេសចរណ៍ ប៉ុន្តែនៅមានឧបសគ្គមួយចំនួន ដែលបង្អាក់នៃកំណើនភ្ញៀវទេសចរ ដូចជាស្ថិតនៅឆ្ងាយពីរាជធានី ជាពិសេសខ្វះកន្លែងសំណាក់ក្នុងរយៈពេលខ្លី សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ត”។
លោកស្រីឆាយ ស៊ីវលីនបានបន្តទៀតថា “នៅពេលមានការអភិវឌ្ឍក្នុងទ្រង់ទ្រាយធំខាងលើនេះ វាគឺជារឿងដ៏ល្អបំផុត ដែលជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះ ហើយវាក៏ជាប្រភពអូសទាញបណ្តាអ្នកវិនិយោគនានា ឱ្យចូលទៅកាន់ខេត្តមួយនេះ ដែលវាក៏ជះឥទ្ធិពលល្អទៅដល់វិស័យអចលនទ្រព្យ និងសំណង់មួយចំណែកធំផងដែរ។
ខេត្តកោះកុង បានសាយភាយកេរ្តិ៍ឈ្មោះទៅពិភពលោករួចទៅហើយ ដែលក្រៅពីមានតំបន់ទេសចរណ៍សហគមន៍ តំបន់ព្រៃកោងកាង តំបន់ស្ទឹងអារ៉ែង និងតាតៃ ត្រពាំងរូង គឺនៅមានតំបន់កម្សាន្តជាច្រើនទៀតដូចជា ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង ចេតិយឃុនឆាងឃុនផែន តំបន់ជីផាត តំបន់ឆ្នេរនេសាទ តំបន់ឆ្នេរតារាសាគរ តំបន់កោះ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត៕