កម្ពុជារៀបចំការប្រណាំងជិះកង់អន្តរជាតិនៅតំបន់ឆ្នេរខេត្តទាំង ៤ នៅដើមឆ្នាំ២០២០

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំងកង់ នៅតាមបណ្តាខេត្តនាតំបន់ឆ្នេរកម្ពុជា ដែលជាការប្រណាំងកង់លំដាប់អន្តរជាតិ នៅដើមឆ្នាំ២០២០ខាងមុខនេះ ស្របពេល ដែលរដ្ឋមន្រ្តីសាធាណៈការបានជំរុញឲ្យប្រធានមន្ទីរតាមតំបន់នេះរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ  កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ណែនាំឲ្យមន្ទីរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ជួសជុលថែទាំផ្លូវឲ្យបានល្អ ដើម្បីទទួលក៏ដូចជាត្រៀមលក្ខណៈ សម្រា​ប់ការប្រណាំងជិះកង់អន្តរជាតិលើកទី១ ដែលកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងប្រកួតកីឡានេះដោយគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២០ ខាងមុខ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩កន្លងកមនេះ បានឱ្យដឹងថា សហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI) ដែលជាស្ថាប័នរៀបចំកីឡាប្រណាំងកង់លំដាប់ពិភពលោក បានជ្រើសរើសប្រទេសកម្ពុជា ក្នុងការរៀបចំព្រឹត្តិ​ការណ៍ «ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី៤ដល់៦ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

លោកបន្តថា ព្រឹត្តិការណ៍ពិភពលោកនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួ​ងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រ​យានកម្ពុជា ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក និងសហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI)។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ នឹងត្រូវឆ្លងកាត់ខេត្តកោះ​កុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលត្រូវបានបែងចែកជា៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមចេញដំណើរដំបូង ពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឆ្លងកាត់រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង (ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង) ឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៣៥គីឡូម៉ែត្រ។

ដំណាក់កាលទី២ នាថ្ងៃទី៥ខែមករា ឆ្នាំ២០២០ ចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ឆ្លងកាត់ផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ (ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ) និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត ដែលមានចម្ងាយសរុបប្រមាណ១៧០គីឡូម៉ែត្រ។

ដំណាក់កាលទី៣ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូលសេះស ឆ្ពោះទៅកាន់រង្វង់មូលទុរេន នៃខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរេញ ឆ្ពោះទៅរង្វង់មូលតោពីរ នៃខេត្តព្រះសីហនុ ពេលទៅដល់ជិះវង់ជុំវិញរង្វង់មូលតោពីរចំនួន៣ជុំ ហើយបន្តឆ្ពោះទៅរមណីយដ្ឋានឆ្នេរសុខា រមណីយដ្ឋានឆ្នេរឯករាជ្យ ព្រះរាជដំណាក់ រួចចុះតាមផ្លូវឆ្នេរឯករាជ្យ តម្រង់ទៅរង្វង់មូលតោពីរវិញ ហើយបញ្ចប់នៅទីនោះតែម្ដង ដែលមានចម្ងាយសរុបប្រមាណ ១៥៥គីឡូម៉ែត្រ។

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ក៏ជាការគាំទ្រដល់កម្ពុជាក្នុងការត្រៀមរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ មានន័យថា វានឹងចូលរួមជំរុញឱ្យកីឡាករ និងប្រជាជនកម្ពុជាបង្កើនការលេង ការហ្វឹកហាត់កីឡាឱ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងឈោងចាប់ជំនាញកីឡាណាមួយឱ្យបានច្បាស់លាស់ សំដៅត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនោះ។

ជាងនេះទៀត ព្រឹត្តិការណ៍ប្រណាំងកង់នេះ ក៏នឹងជួយជាលក្ខណៈបច្ចេកទេសដល់សហព័ន្ធកីឡាប្រណាំងកង់កម្ពុជាផងដែរ ដែលកំពុងតែហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀ​មចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនានា ពិសេសគឺព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។

លោក វ៉ាត់ ចំរើន បានបន្តថា សម្រាប់ក្រុមកីឡាករកម្ពុជា គឺជាបទពិសោធន៍ថ្មីមួយក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ ពីព្រោះកន្លងមកកម្ពុជាបានត្រឹមតែចូលរួមជាមួយព្រឹត្តិការណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ឬការប្រកួតដណ្ដើមជើងឯកនៅប្រទេ​សមួយចំនួនប៉ុណ្ណោះ ពោលគឺមិនដែលបានចូលរួមប្រណាំង ក្នុងកម្មវិធីប្រតិទិនរបស់សហព័ន្ធប្រណាំងកង់អន្តរជាតិបែបនេះឡើយ។

មកដល់ថ្ងៃនេះ មានក្រុមកីឡាករចំនួន២០ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រណាំងកង់ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ក្នុងនោះនៅកម្ពុជាមានចំនួន ១ក្រុម មកពីម៉ាឡេស៊ីចំនួន ២ក្រុម ឥណ្ឌូនេស៊ីចំនួន ១ក្រុម សិង្ហបុរីចំនួន ១ក្រុម ហ្វីលីពីនចំនួន ១ក្រុម ថៃចំនួន ១ក្រុម កូរ៉េខាងត្បូងចំនួន ១ក្រុម ជប៉ុនចំនួន ១ក្រុម ចិនចំនួន ១ក្រុម អូស្ត្រាលីចំនួន ១ក្រុម អ៉ីតាលីចំនួន ២ក្រុម កាហ្សាក់ស្ថានចំនួន ១ក្រុម បារាំងចំនួន ២ក្រុម សហរដ្ឋអាមេរិកចំនួន ១ក្រុម អេស្បាញចំនួន ១ក្រុម និងអង់គ្លេសចំនួន ១ក្រុម៕

LEAVE A REPLY

Please enter your comment!
Please enter your name here