ដោយៈ វុត្ថា
ភ្នំពេញៈ ទំនិញគ្មានលក្ខណៈពាណិជ្ជកម្ម ជាទំនិញដែលត្រូវបាននាំចូលម្តងម្កាលដោយអ្នកដំណើរ ឬ ត្រូវបាននាំចូលដោយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាអចិន្រ្តៃយ៍ក្នុងតំបន់ព្រំដែន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងតំបន់ព្រំដែន។
យោងតាមតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចូលទំនិញគ្មានលក្ខណៈពាណិជ្ជកម្មត្រូវអនុវត្តដូចខាងក្រោមនេះ ដូចជា ការនាំចូលម្តងម្កាលរបស់អ្នកដំំណើរ ដែលត្រូវចាត់ទុកថាគ្មានលក្ខណៈពាណិជ្ជកម្ម ត្រូវបំពេញ បែបបទគយតាមច្បាប់ជាធរមាន ដោយត្រូវបង្ហាញនូវលិខិតឆ្លងដែន ដែលមានបញ្ជាក់ ពីការចេញ-ចូលប្រទេសពីស្ថាប័នមានសមត្ថកិច្ចច្រកទ្វារ ហើយត្រូវប្រថាប់ត្រាឬសរសេរលើបង្កាន់ដៃពន្ធថា “គ្មានលក្ខណៈពាណិជ្ជកម្ម-សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន” និងពុំចាំបាច់ បិទត្រាគយឡើយ។
ក្នុងករណីដែលអ្នកដំណើរម្តងម្កាលនោះ នាំចូលទំនិញហើយប្រកាសថា មានលក្ខណៈពាណិជ្ជកម្មសម្រាប់ធ្វើអាជីវកម្ម ការកំណត់តម្លៃគិតពន្ធគយត្រូវបូកបន្ថែម២០ភាគរយ លើតម្លៃគិតពន្ធគយជាធរមាន និងត្រូវប្រថាប់ត្រាឬសរសេរ លើបង្កាន់ដៃពន្ធថា “មានលក្ខណៈពាណិជ្ជកម្ម” ហើយត្រូវបិទត្រាគយជូន ប្រសិនបើមុខទំនិញនោះស្ថិតក្រោមប្រព័ន្ធ ត្រាគយ ដើម្បីអាចចរាចរលើទីផ្សារបាន។
ចំពោះការនាំចូលរបស់ប្រជាជន ដែលមានលំនៅដ្ឋានជាអចិន្រ្តៃយ៍ ក្នុងតំបន់ព្រំដែនត្រូវបំពេញ បែបបទគយតាមការកំណត់ជាធរមាន ហើយត្រូវប្រថាប់ត្រា ឬសរសេរលើបង្កាន់ដៃពន្ធថា “សម្រាប់ចរាចរក្នុងតំបន់ព្រំដែន។
ប្រជាជនតំបន់ព្រំដែន ដែលធ្វើអាជីវកម្មនាំចេញ-នាំចូលទំនិញ មានលក្ខណៈពាណិជ្ជកម្ម សម្រាប់ចរាចរទូទាំងប្រទេសនោះ ត្រូវតែបង្កើតជាក្រុមហ៊ុនដែលមានលេខអត្តសញ្ញាណកម្ម អាករលើតម្លៃបន្ថែម និងត្រូវមានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ ដូចអ្នកនាំចេញ-នាំចូលធម្មតា ហើយក្នុងករណីចាំបាច់ត្រូវអនុវត្តតាមការណែនាំខាងលើ៕