លោក​ថោង​ ខុន​ ៖ កម្ពុជា​កំពុង​កែសម្រួល​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ទាក់ទាញ​ទេសចរ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បានឱ្យ​ដឹង​ថា​ «ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​» ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ បាន​ និង​កំពុង​រៀបចំផែនការ​យុទ្ធ​សា​ស្ត្រថ្មីៗ​ ក្នុង​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ ខណៈ​គោលដៅ​ទេសចរណ៍​មួយចំនួន​បាន​និង​កំពុង​មានការ​ប្រែប្រួល​ ក្នុង​ដំណាក់កាល​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​។

ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៩នេះ​ ម្សិលមិញ​នេះ​ ដោយក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ បាន​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នេះ​។

លោក​ ថោង​ ខុន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ក្រោយ​ការ​អនុម័ត​លើ​លក្ខន្តិកៈ​ និង​បទបញ្ជា​ផ្ទៃក្នុង​រួចហើយ​ នឹង​បន្ត​ពិភាក្សា​គ្នា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ទី​ផ្សា​រថ្មីៗ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ឱ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​វិ​ប្ប​ត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​ និង​មហាយក្ស​ចិន​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ វិ​ប្ប​ត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បណ្ដាល​ឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយចំនួន​មានការ​ប្រែប្រួល​ ហើយ​កម្ពុជា​ត្រូវ​ខិតខំ​តោង​ស្រវា​ចាប់​យក​ទីផ្សារ​ ឬគោលដៅ​ទេសចរណ៍​ណា​ដែល​មាន​សក្តា​នុ​ពល​ ពោល​គឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធសាស្ត្រ​ មធ្យោបាយ​ និង​ថវិកា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​គោលដៅ​សំ​ខាន់​ៗ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ និង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​។

សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន​ កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែមទៀត​ ព្រោះថា​ ចិន​ជាទី​ផ្សារ​ទេសចរណ៍​លើស​កល​លោក​ដ៏​ធំ​ តែ​ត្រូវតែ​ចូល​ជ្រៅ​ទៅ​គោលដៅ​សំខាន់​ណា​ដែល​មាន​សក្តា​នុ​ពល​ ហើយដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នៅ​ទីនោះ​ ក៏​ដូចគ្នា​ទៅ​នឹង​ទីផ្សារ​ក្នុង​អាស៊ាន​ អាស៊ី​ អឺរ៉ុប​ អាមេរិក​ផង​ដែរ​ ដោយ​ត្រូវ​ធ្វើ​ឱ្យ​ចំ​គោលដៅ​ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ រូបភាព​ ថវិកា​ឱ្យ​មានប្រសិទ្ធភាព​។

ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ បាន​ពិភាក្សា​លម្អិត​លើ​ចំណុច​សំ​ខាន់​ៗចំនួន​ ៣ រួមមាន​៖ទី១​. លក្ខន្តិកៈ​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។ទី២​. បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។

ទី៣​. សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​ជំនាញ​ចំនួន​ ៥ក្រុម​ មាន​ក្រុមការងារ​ជំនាញ​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​ ក្រុមការងារ​ជំនាញ​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​ក្នុង​ស្រុក​ ក្រុមការងារ​ជំនាញ​រៀបចំ​ផលិតកម្ម​ បោះ​ពុម្ភ​ផ្សាយ​ទេសចរណ៍​ និង​ឌីជីថល​ ក្រុមការងារ​ជំនាញ​រៀបចំ​ដំ​ណើរ​ទស្ស​កិច្ចសិក្សា​ (Fam​ Trip​) និង​ក្រុមការងារ​ជំនាញ​រៀបចំ​ស្ថាន​តំណាង​ទេសចរណ៍​ក្រៅប្រទេស​ ព្រមទាំង​ការបង្កើត​លេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here