ដោយ វុត្ថា
ភ្នំពេញ៖ ទេសចរចិនបានចំណាយលុយប្រមាណ ១២៧,៥ ពាន់លានដុល្លារអាមេរិក ដើរលេងកម្សាន្តនៅក្រៅប្រទេសនៅបំណាច់ឆមាសទី១ ឆ្នាំ ២០១៩ កន្លងមកនេះ ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋភិបាលចិននៃការដោះដូររូបិយប័ណ្ណបរទេស (SAFE) ។
តំបន់អាស៊ីទទួលភ្ញៀវទេសចរចិនបានចំនួន ៥៤ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប។ របាយការណ៍បានបង្ហាញថា អាមេរិកស្ថិតនៅលំដាប់ទី ២ ដោយមានចំនួន ២៤ ភាគរយបន្ទាប់មកគឺអឺរ៉ុប ១៣ ភាគរយ។
យោងតាមរបាយការណ៍ បានបន្តថា ដោយសារពាណិជ្ជកម្ម និងការវិនិយោគមានភាពរឹងមាំជាមួយបណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ ប្រជាជនចិនកំពុងចំណាយកាន់តែច្រើននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបែបនេះ។
-->
ទិន្នន័យរបស់ SAFE បានបង្ហាញទៀតថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ប្រជាជនចិនបានចំណាយប្រាក់សរុបចំនួន ១៤,៩ ពាន់លានដុល្លារនៅក្នុងបណ្តាប្រទេសដែលបានអនុវត្តគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។
ទាក់ទងនឹងវិធីសាស្រ្តនៃការទូទាត់ការទូទាត់តាមទូរស័ព្ទឃើញថា ទំហំទេសចរណ៍ក្នុងឆមាសទី១ កើនឡើងទ្វេដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលកាតធនាគារនៅតែជាទម្រង់ទូទាត់ដំបូង។ការដើរទិញឥវ៉ាន់នៅតែជាសមាសធាតុចម្បងនៃការប្រើប្រាស់របស់ភ្ញៀវទេសចរចិន។

នៅឆមាសទី ១ នេះ ការចំណាយក្រៅស្រុករបស់ប្រជាជនចិនក្នុងការទិញទំនិញនៅតែដដែល បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ របាយការណ៍នេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសទិញទំនិញក្រៅស្រុក។
យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិចំនួនអ្នកដំណើរទូទាំងពិភពលោកនឹងកើនលើស ១,៨ ពាន់លាននាក់នៅឆ្នាំ ២០៣០ ៕