ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំពិធីបុណ្យអុំទូកផ្កាចារ នៅអាងទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

-->
លោក ម៉ាង ស៊ីណេត ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំដែលមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនានានៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ដើម្បីឲ្យពិធីអុំទូកផ្កាចារសម្រេចបានតាមផែនការ ត្រូវបំផុសដល់មូលដ្ឋានដែលមានទូកឲ្យចូលរួមប្រឡងប្រណាំងឲ្យបានច្រើន។
លោកបន្តថា ការប្រណាំងទូកនេះ គឺដើម្បីបង្កើតបរិយាកាសសប្បាយរីករាយអធិកអធ័មចលនាដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គភាពបោះទីតាំងក្នុងខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ក្រុមហ៊ុន ចូលរួមជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ទូកនីមួយៗដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងបរិវេណ នៃពិធីប្រណាំងទូកផ្កាចារ ។
លោអភិបាលរងខេត្តព្រះសីហនុរូបនេះ បានកំណត់ច្បាស់ថា ឆ្នាំនេះគណៈកម្មការនឹងរៀបចំអោយបានធំជាងមុន ដោយមានៈ តន្ត្រីសម័យ ល្បែងប្រជាប្រិយ៏ បង្ហោះគោម បាញ់កាំជ្រួច និងមានកម្មវិធីសប្បាយៗជាច្រើទៀត ។
ទូកទាំងអស់មានការចូលរួមមកពីតាមបណ្តាក្រុង ស្រុកទាំង៥ ក្នុងខេត្តព្រះសីហនុ ។ លោកក៏បានជំរុញឱ្យមានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ។

ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តព្រះសីហនុ តែងតែបានរៀបចំពីធីប្រណាំងទូកផ្កាចារ នៅអាងទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប ខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ៕