ដោយ វុត្ថា
ភ្នំពេញៈ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ មាន៣មាត្រា ត្រូវបានរៀបចំឡើងបន្ត ពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩ ២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣នេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវវត្ថុបំណងសំខាន់៣ដូចជា ទី១-ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើង នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះ ទាំងមូលពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។
ទី២-ដើម្បីកំណត់នូវបណ្ដាវិធានការណ៍ គោលនយោបាយនានាដល់ក្រសួងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរ ដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅក្នុងដំណាក់កាលនៃអាណត្តិការរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទី៣-ដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩ ២០២៣របស់ក្រសួងស្ថាប័ននានា៕