ដោយ វុត្ថា
ភ្នំពេញៈ ក្នុងរយៈពេល១០ខែគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាបទទួលបានេះជាង៨០លានដុល្លារអាមេរិក។ ចំនួននេះបានថយចុះជាង១៤ភាគរយ បើធៀបនឹងរយៈពេល១០ខែ ក្នុងឆ្នាំ២០១៨។
យោងរបាយការណ៍របស់គ្រឹះ ស្ថានអង្គរត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះបានឱ្យដឹងថា រីឯ អ្នក ទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល១០ខែនេះ មានចំនួន១,៨០៤,០០៧ នាក់ ថយចុះ១៣,៦៩% ធៀបនឹង១០ខែ ក្នុងឆ្នាំ២០១៨។
-->
របាយការណ៍ដដែលបន្តថា សម្រាប់នៅខែតុលា ឆ្នាំ២០១៩ ចំនួនអ្នកទេសចរទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១៤១,៤៩៤នាក់ ថយចុះ២៤,៩៣% ធៀបនឹងខែតុលា ឆ្នាំ២០១៨។ រីឯចំណូលក្នុងខែតុលាទទួលបាន៦,៣៦១,១០៣ ដុល្លារ ថយចុះ២៣,៨០% ធៀបនឹងខែតុលា ឆ្នាំ២០១៨។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានពន្យល់ កាលពីកន្លងទៅថ្មីៗនេះថា ការធ្លាក់ភ្ញៀវទេសចរណ៍នៅតំបន់សៀមរាប – អង្គរដោយសារក្រុមហ៊ុន ដែលលក់កញ្ចប់ Zero Cost Tour ព្រោះថា បណ្ដាក្រុមហ៊ុនទាំងនោះយកភ្ញៀវមកក្នុងតម្លៃទាប ឬមិនចំណេញតែម្ដង តែពួកគេរកស៊ីនៅតាមហាងវត្ថុអនុស្សាវរីយ៍ អាហារដ្ឋាន ឬសណ្ឋា គារជាដើមដែលលក់ក្នុងតម្លៃខ្ពស់។
ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួង បានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។
ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប។
អង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេស ចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តន៍ ចំពោះមុខរយៈពេលខ្លីឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»៕