ដោយ វុត្ថា
ភ្នំពេញៈ លំនៅឋាន និងការតាំងទីលំនៅថ្មី ជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ដែលត្រូវមានការចូលរួមពីវិស័យនានាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី ការងារសំណង់ ការងារស្ថាបត្យកម្ម វិស្វកម្ម ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈ ការស្វែងរកហិរញ្ញប្បទាន និងប្រភពធនធាន ការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គម។ល។
យោងតាមឯកសារគោលនយោបាយស្តីពី លំនៅឋានរបស់រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលមានផែនការសម្របសម្រួល រវាងស្ថាប័នពាក់ព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឆ្លើយតបទៅនឹងគោលនយោបាយលំនៅឋាន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមលំដាប់ថ្នាក់របស់រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ផ្ទាល់។






