ចំណតយន្តហោះថ្មីនៃអកាសយានដ្ឋានអន្តរជាតិភ្នំពេញ តម្លៃ ៨លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការ

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ចំណតយន្តហោះថ្មី “B” នៃអកាសយានដ្ឋានអន្តរជាតិភ្នំពេញ តម្លៃ ៨ លានដុល្លារសហរដ្ឋអាមេរិកត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃចំនួនភ្ញៀវទេសចរ ក៏ដូចជាកំណើនយន្តហោះនានា មកចុះចតនៅរាជធានីភ្នំពេញ។

លោក Alain BRUN នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានឱ្យដឹងថា ចំណតយន្តហោះថ្មីនេះ មានសមត្ថភាពផ្ទុក យន្តហោះចំនួន១២គ្រឿង ហើយការសម្រេចសាងសង់ ចំណតយន្តហោះថ្មី បន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកដំណើរ និងចំនួនយន្តហោះកើនឡើងផងដែរ។

លោកបន្តថា ចំណតយន្តហោះថ្មី B មានទំហំបណ្តោយប្រវែង៥៤០ម៉ែត្រ និងទទឹងប្រវែង៨៦ម៉ែត្រ។ លោកថា ក្រោយបញ្ចប់កម្មវិធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះ ត្រូវបានបញ្ចប់នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានចំណតយន្តហោះ សរុបមានចំនួន៤២ ដែលអាចនឹងបម្រើនូវសេចក្តីត្រូវការនៃការហោះហើរ ដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ ផងដែរ។
លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអាចនឹងកើនឡើងដល់៦លាននាក់ ឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងដែរថា ការសាងសង់ចំណតយន្តហោះថ្មី “B” នេះគឺមានគោលដំណងចំនួន២ រួមមានទី១ ដើម្បីជាចំណតដល់យន្តហោះសម្រាប់ទិសដៅពាណិជ្ជកម្ម និងទី២ គឺដើម្បីត្រៀមទទួលយន្តហោះរបស់គណៈប្រតិភូបរទេស ដែលអាចនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំក្រោយ ព្រមទាំងព្រឹត្តិការណ៍ធំៗផ្សេងទៀតផងដែរ។
លោកបន្ថែមថា ការសាងសង់ចំណតអាកាសយាន B ថ្មី របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ជាឆ្លើយតបទៅនឹងតម្រូវការចំណតអាកាសយាន ស្របតាមការរីកចម្រើនវិស័យអាកាសចរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាស នៅព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ។

ចាប់តាំងពីឆ្នាំ១៩៩៥ ដែលមានរយៈពេល ២៥ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្តេជ្ញាចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបំផុតសម្រាប់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយចំណតយន្តហោះថ្មីនេះ អាចផ្តល់ភាពងាយស្រួល ដល់យន្តហោះណា ដែលត្រូវការពេលយូរសម្រាប់ឈប់ នៅក្នុងព្រលាននេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here