ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ចំណតយន្តហោះថ្មី “B” នៃអកាសយានដ្ឋានអន្តរជាតិភ្នំពេញ តម្លៃ ៨ លានដុល្លារសហរដ្ឋអាមេរិកត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃចំនួនភ្ញៀវទេសចរ ក៏ដូចជាកំណើនយន្តហោះនានា មកចុះចតនៅរាជធានីភ្នំពេញ។
លោក Alain BRUN នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានឱ្យដឹងថា ចំណតយន្តហោះថ្មីនេះ មានសមត្ថភាពផ្ទុក យន្តហោះចំនួន១២គ្រឿង ហើយការសម្រេចសាងសង់ ចំណតយន្តហោះថ្មី បន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកដំណើរ និងចំនួនយន្តហោះកើនឡើងផងដែរ។
លោកបន្តថា ចំណតយន្តហោះថ្មី B មានទំហំបណ្តោយប្រវែង៥៤០ម៉ែត្រ និងទទឹងប្រវែង៨៦ម៉ែត្រ។ លោកថា ក្រោយបញ្ចប់កម្មវិធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះ ត្រូវបានបញ្ចប់នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានចំណតយន្តហោះ សរុបមានចំនួន៤២ ដែលអាចនឹងបម្រើនូវសេចក្តីត្រូវការនៃការហោះហើរ ដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ ផងដែរ។
លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអាចនឹងកើនឡើងដល់៦លាននាក់ ឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។