ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង “សន្និសីទកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអាស៊ាន-ចិន (ហឺណាន) លើវិស័យស្បៀងអាហារ និងកសិកម្ម ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពិព័រណ៍កិច្ចសហប្រតិបត្តិការកសិកម្មអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៥”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកចូវ ជូអ៊ី លេខាធិការគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងលោក Dato Sri Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភា នៃប្រទេសម៉ាឡេស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សមាជិកព្រឹទ្ធសភា សមាជិកសភា មន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសសមាជិកអាស៊ាន រដ្ឋបាលខេត្តហឺណាន សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងស្ថាប័នសិក្សាស្រាវជ្រាវ ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ស្តីពី “ការប្រកាសឱ្យប្រើប្រាស់នវានុវត្តន៍ម៉ាកផលិតផលកសិកម្ម ឆ្នាំ២០២៦” ដោយបានគូសបញ្ជាក់អំពីការជំរុញវិស័យកសិ-ពាណិជ្ជកម្ម ដើម្បីធានាសន្តិសុខស្បៀង តាមរយៈ៖ ១. ការកសាង និងលើកកម្ពស់ម៉ាកផលិតផលកសិកម្ម ដែលរាជរដ្ឋាភិបាលបានគាំទ្រយ៉ាងសកម្ម ដល់ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការការពារម៉ាកទំនិញ សម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព សម្រាប់ផលិតផលកម្ពុជា ដើម្បីជំរុញទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។
២. ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ជាពិសេសកសិកម្មឆ្លាតវៃ និងនវានុវត្តន៍បញ្ញាសិប្បនិម្មិត (AI)និង៣. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហឺណាន ដើម្បីបន្តគាំទ្រកម្ពុជាលើការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍកសិកម្មឆ្លាតវៃ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា៕







