ដោយៈ ចំណាន
ភ្នំពេញៈ កាលពីថ្ងៃទី២០ វិច្ឆិកា លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Vu Van Chung អគ្គនាយករងនៃទីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងហិរញ្ញវត្ថុវៀតណាម បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម របស់វិនិយោគិនវៀតណាមដែលមានប្រតិបត្តិការនៅកម្ពុជា។
ក្នុងឱកាសនោះ សហប្រធានទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ព្រមទាំងបានប្តេជ្ញាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែមានផ្លែផ្កាបន្ថែមទៀត ស្របតាមចក្ខុវិស័យ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម ភស្តុភារកម្ម ថាមពល និងទេសចរណ៍ ក្នុងស្មារតីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅប្រែក្លាយសក្តានុពលនៃការតភ្ជាប់ទាំងនេះ ឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង និងនាំមកនូវឧត្តមប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរបានជំរុញឱ្យវិស័យឯកជន បន្តប្រើប្រាស់យន្តការសេវា ថែរទាំការវិនិយោគដែលមានស្រាប់ មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-វៀតណាម ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលទាក់ទិននឹងប្រតិបត្តិការធុរកិច្ច។
ជារបៀបវារៈបន្ទាប់ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សា លើបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិនវៀតណាម ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមានកសិកម្ម, បរិស្ថាន, ដែនដី, ពាណិជ្ជកម្ម, គយ និងពន្ធដារ, ធនាគារ, និងហិរញ្ញវត្ថុ៕







