ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានក្លាយជាទីកន្លែងទេសចរណ៍កកកុញ និងមានប្រជាប្រិយភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនដូចកាលពេលមុននោះទេ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Summit 2019-Cambodia) ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាកាលពីមុនជាប្រទេសត្រូវទទួលរងនូវការហុំព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច តែនាពេលបច្ចុប្បន្ននេះបានក្លាយជាប្រទេសដែលកំពុងសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធ ទាំងនៅក្នុងតំបន់ និងពិភពលោក។
សម្តេចបន្ថែមថា ប្រទេសកម្ពុជាបាននឹងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព នៅក្នុងគ្រប់កិច្ចការតំបន់ និងពិភពលោក ។
កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីនដែលគេភ័យខ្លាចគ្រប់គ្នា តែឥឡូវនេះ បានក្លាយ ទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលភ្ញៀវទេសចរណ៍រាប់លាននាក់។
សម្តេចបន្ថែមទៀត បច្ចុប្បន្ននេះ ផងដែរ ប្រជាជនកម្ពុជាបាននឹងកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាគ្រប់ជាតិសាសន៍ មិនមានការរើសអើង ប្រជាជនគ្រប់រូបរស់នៅទទួលបានសិទ្ធិពេញលេញក្នុងការគោរព គ្រប់ជំនឿសាសនា និងទំនៀមទំលាប់ ប្រពៃណីដោយសេរីនិងទទួលបានសេវាសាធារណៈ យ៉ាងទូលំទូលាយ និងស្មើភាពគ្នា។
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ ។
អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២ ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០%ក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕