កម្ពុជា​ ចិន​ និង​ឡាវ​ ចាប់​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង៣​ តាមរយៈ​ស្ថាប័ន​ និង​ក្រសួងទេសចរណ៍​ បាន​ចាប់ផ្តើម​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​កិច្ច​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រួមគ្នា​ ដើម្បី​ជំរុញ​ មិង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​រួមគ្នា​នៅក្នុង​តំបន់​ ស្របតាម​យុទ្ធសាស្ត្រ​ “ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ាត់​មួយ​” ។

ផ្ដើម​ចេញពី​ប្រទេស​ចិន​ បាន​បង្កើត​ឱ្យ​មាន​មហា​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​វិស័យ​ទេសចរណ៍​ ដែល​កាន់តែ​បង្កើន​ការ​ភ្ជាប់​ទំ​នា​ក់​ទំនង់​ ចូលរួម​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ និង​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ប្រចាំ​ប្រទេស​នី​មួយ​ៗតាមរយៈ​ក្បួន​រថយន្ត​ទេសចរណ៍​ Caravan​ Tours​ ឬហៅ​ថា​ Self​-Driving​ Tours​ ដែល​ចេញដំណើរ​ពី​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ កាត់តាម​ប្រទេស​ឡាវ​ ឆ្ពោះ​មកកាន់​ប្រទេស​កម្ពុជា​។

នៅក្នុង​កិច្ច​ជំនួប​ស្វាគមន៍​ និង​អបអរសាទរ​ចំពោះ​បណ្តា​អ្នកចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ Prince​ Manor​ Resort​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​បណ្ឌិត​ ថោង​ ខុន​ បាន​លើកទឹកចិត្ត​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​ដែល​ចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ទាំងអស់​ ហើយ​ជំរុញ​ឱ្យ​មាន​សកម្មភាព​ដូច​ភ្លៀងរលឹម​បន្ត​ទៀត​។

លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ “ដំណើរ​ក្បួន​រថយន្ត​នេះ​ គឺ​ពិតជា​រួមចំណែក​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​តំបន់​ ដូចជា​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិ​ការ​ទន្លេមេគង្គ​-ឡាន​ឆាង​ជាដើម​ ពិសេស​ព្រឹត្តិ​ការណ៍​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ «ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​ចិន​-កម្ពុជា​លើកដំបូង​» ឈាន​ឆ្ពោះទៅ​សម្រេច​បាន​សមិទ្ធផល​ជា​ទី​មោទ​នៈ​ជាច្រើន​ទៀត​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ តាមរយៈ​ក្បួន​រថយន្ត​ Caravan​ Tours​ យើង​ក៏អាច​មើលឃើញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​ អំពី​ការ​តភ្ជាប់​តាមផ្លូវគោក​រវាង​ប្រទេស​ចិន​ ឡាវ​ និង​កម្ពុជា​ ដែល​នឹង​ជួយ​ជំរុញ​ទេសចរ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ ក៏ដូចជា​ជំរុញ​ទេសចរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​ឡាវ​ តាមរយៈ​ការ​ធ្វើដំណើរ​ដែល​បើកបរ​ដោយខ្លួនឯង​ (Self​-Driving​ Tour​) នេះ​ផង​ដែរ​។

អគ្គនាយករង​នៃ​មន្ទីរ​វប្បធម៌​ និង​ទេសចរណ៍​ចិន​ប្រចាំ​ខេត្ត​យូ​ណា​នលោកស្រី​ ស្ស៉ី​ លីន​ បាន​លើកឡើង​ថា​ កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិ​សាស្រ្ត​តាម​ក្បួន​រថយន្ត​ពី​ប្រទេស​ចិន​ ឡាវ​ និង​កម្ពុជា​ គឺជា​សកម្មភាព​ និង​វិធានការ​ជាក់ស្តែង​ ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​ដែល​បាន​ព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ ហើយក៏​ជា​ភាព​ច្នៃប្រឌិត​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ទេសចរណ៍​ចិន​-កម្ពុជា​។

លោកស្រី​អគ្គនាយករង​បាន​បន្ត​ថា​ ក្បួន​រថយន្ត​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​នេះ​ ពិតជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ចសហការ​វប្បធម៌​ និង​ទេសចរណ៍​រវាង​ខេត្ត​យូ​ណាន​ ប្រទេស​ឡាវ​ និង​កម្ពុជា​ ដែល​មាន​សារសំខាន់​ និង​ឥទ្ធិពល​ធំធេង​។

លោកស្រី​ថា​ ក្រោម​បរិបទ​ប្រវត្តិសាស្ត្រ​ថ្មី​ មាន​ឆន្ទៈ​និង​ខិតខំ​បន្ត​នូវ​មិត្តភាព​ប្រពៃណី​ចិន​ និង​កម្ពុជា​ អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ទស្សនទាន​រួម​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការជំរុញ​សហប្រតិបត្តិ​ការ​ «ខ្សែក្រវាត់​ និង​វិថី​»។

ក្បួន​រថយន្ត​ទេសចរណ៍​ Caravan​ Tours​ ខាងលើ​នេះ​ មាន​រយៈពេល២៧ថ្ងៃ​ ដោយ​បាន​ចេញដំណើរ​ពីទី​ក្រុង​គុន​មីង​ ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ តាំងពី​ថ្ងៃទី២៥​ ខែវិច្ឆិកា​ និង​បាន​មកដល់​រាជធានី​ភ្នំពេញ​ នា​ល្ងាច​ថ្ងៃទី២៦​ ខែវិច្ឆិកា​ ដោយ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ ខេត្តព្រះវិហារ​ ខេត្តកំពង់ធំ​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្តសៀមរាប​ មុន​ពេល​ត្រឡប់ទៅ​កាន់​ទីក្រុង​គុន​មីង​វិញ​ ក្នុង​ចម្ងាយ​ទាំង​ទៅ​ទាំង​មក​ប្រមាណ​ ៥,៧២០គីឡូម៉ែត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here