ដោយ : វុត្ថា
ភ្នំពេញ ៖ ស្ពានឫស្សីកោះប៉ែនដែលជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅឃុំកោះមិត្ត ស្រុក កំពង់សៀមនៃខេត្តកំពង់ចាម គ្រោងនឹងដាក់ឱ្យដំណើរឡើងវិញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ខណៈស្ពាននេះ ត្រូវបានក្រុមជាងសាងសង់យ៉ាងមមាញឹក។
លោក ប៊ុន ដារ៉ា ម្ចាស់ស្ពានឫស្សីនេះ និងប្រធានសហគមន៍រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនបានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២ ខែធ្នូនេះថា ការកសាងស្ពានឫស្សីឡើងវិញនេះ មានការជួបការលំបាកខ្លះ ដោយសារតែឆ្នាំនេះ ជួបបញ្ហាទឹកឡើងលឿន និងស្រកទៅវិញក៏លឿនផងដែរ។
លោកបន្តថា ក្រោយពីបញ្ចប់ការសាងសង់ស្ពានឫស្សីនេះ អនុញ្ញាតឱ្យតែអ្នកទេសចរជិះកង់ ឬថ្មើរជើងប៉ុណ្ណោះ លើកលែងតែម៉ូតូសមត្ថកិច្ច ទើបអាចជិះបាននូវពេលដែលមានបញ្ហាអ្វីមួយកើតឡើងនូវជុំវិញបរិវេណស្ពានកោះប៉ែននេះ។
លោកថ្លែងថា “ខ្ញុំសូមជំរាបជូនថា ការសាងសង់ស្ពានឫស្សីនៅក្នុងឆ្នាំនេះ មានប្រវែង៧០០ម៉ែត្រមានលក្ខណៈប្រវែងខុសគ្នាកាលពីឆ្នាំពោលខ្លីជាង ៦០ ទៅ ១០០ ម៉ែត្រ ដោយសារតែទឹកនៅក្នុងឆ្នាំនេះ មានការស្រកលឿន” ។
លោក ប៊ុន ដារ៉ា បន្តថា ការដែលខាងលោកបានខិតខំប្រឹងប្រែងបង្កើតឱ្យមានស្ពានប្រដឹសឫស្សីឡើងវិញនេះដោយសារតែមានប្រជាពលរដ្ឋពោលគឺថ្នាក់ដឹកនាំខេត្តកំពង់ចាមគ្រប់ជំនាន់ អនុញ្ញាត ឲ្យសាងសង់ស្ពានឫស្សីដែលជានិមិត្តឆ្នេរខ្សាច់កោះប៉ែន។
លោកប្រធានសហគមន៍បានបន្ថែមថា ជារៀងរាល់ឆ្នាំ ស្ពានសង់ពីដើមឫស្សីដែលប្រជាពលរដ្ឋបានចាត់ទុកជានិមិត្តរូបប្រចាំរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននោះ បានសាងសង់ក្នុងរង្វង់ខែវិច្ឆិកាមុននេះប្រហែលជាង១ខែ។ ប៉ុន្តែឆ្នាំនេះគឺបានប្រទះបញ្ហាអាកាសធាតុ ដោយទឹកទន្លេមេគង្គនៅកម្រិតខ្ពស់ ហើយស្រកគោកបានលេចចេញឆ្នេរខ្សាច់តែបន្តិច ពិសេសនៅចន្លោះកំពុងសាងសង់នេះទឹកបានឡើង បណ្តាលឱ្យប៉ះពាល់ដល់ការសាងសង់៕