សម្តេច​តេជោ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ វេច​ខ្ចប់​សំរាម​ ឱ្យ​បាន​ត្រឹមត្រូវ​ ខណៈ​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​កើន​ដល់​ ៣ ពាន់​តោន​ ក្នុង​មួយ​ថ្ងៃ​ៗ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS​) សរុប​ចំនួន​ ៦,៧៦២នាក់​ ក្នុង​នោះ​នារី​ ២,៧៦១​ នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជា​ឱ្យ​លោក​ ឃួង​ ស្រេង​ អភិបាលក្រុង​ភ្នំពេញ​សម្របសម្រួល​ បែងចែក​ទីលាន​ចាក់សំរាម​ឱ្យ​បាន​យ៉ាងហោចណាស់៤ទីតាំង​តាម​ការ​ស្នើសុំ​របស់​អ្នកជំនួញ​ម្នាក់​ ដើម្បី​ដឹកជញ្ជូន​សម្រាម​ពីទី​ក្រុងភ្នំពេញ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។

សម្តេច​តេជោ​ថា​ “ មាន​អ្នកជំនួញ​ម្នាក់​ បាន​យក​ដី​ចំនួន៤កន្លែង​ សម្រាប់​ធ្វើ​កន្លែង​ចាក់សំរាម​ ដោយ​ដោះដូរ​ជាមួយ​ទីលាន​ចាក់សំរាម​ពេល​បច្ចុប្បន្ន​”។ សម្តេច​បន្ត​ថា​ “ការ​កើនឡើង​សំរាម​ច្រើនបែប​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​របស់​ញាំ​ច្រើន​”។

សម្តេច​បន្ត​ថា​ “យើង​គួរតែ​លេង​ ដែរ​ ព្រោះ​យើង​បាន​បែងចែក​តំបន់​ ៤ ដើម្បី​ចាក់សំរាម​ កុំ​យក​តែ​ទៅ​ចាក់​នៅ​ស្ទឹងមានជ័យ​ ។ ចឹង​ទេ​ យើង​អោយ​គាត់​ដី​ ៤ កន្លែងនៅ​ខាងក្រៅ​ក្រុង​ទៅ​ ហើយ​ឱ្យ​គេ​ដឹក​សំរាម​ទៅ​ចាក់​នៅ​ហ្នឹង​ ហើយ​ដី​គំនរសំរាម​បច្ចុប្បន្ន​នេះ​ ប្រគល់​ឱ្យ​គាត់​ទៅ​”។

សម្តេច​តេជោ​បន្ថែម​ថា​“អានោះ​អាច​ ១០០​ ឬ ១០០ជាង​ហិ​កតា​ ព្រោះ​ ៤ កន្លែង​វា​ច្រើន​ដែរ​។ ចឹង​អាច​ពិនិត្យមើល​អាហ្នឹង​ ខ្ញុំ​កំពុង​ប្រាប់​គាត់​ដាក់​សំណើ​រម​កឱ្យ​ខ្ញុំ​ចា​ទៅ​អោយ​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ដែល​កំពុងតែ​ ធ្វើការ​សម្របសម្រួល​ចំពោះរឿងនេះ​ ​ព្រោះ​សុំ​សិទ្ធិ​ចាក់​ ២ ឆ្នាំ​ ទៀត​ អា​កន្លែង​ហ្នឹង២​ ឆ្នាំ​ទៀត​ វា​នឹងអាច​ជា​ភ្នំ​សំរាម​ ។ ចឹង​ទេ​ ត្រូវ​បែងចែក​អា​តំបន់​ចាក់​ហ្នឹង​” ។

សម្តេច​បន្ថែម​ថា​ “ដឹក​សំរាម​ពី​ ខាង​ពញ្ញា​លឺ​ រួច​កាត់​ក្រុងភ្នំពេញ​ទៅ​ចាក់​នៅ​គំនរសំរាម​បឹង​ជើងឯក​។ ចឹង​ទេ​ អា​ក្លិន​សំរាម​វា​រត់​កាត់​ក្រុង​រហូត​ ​ចុះបើ​យើង​មាន​តំបន់​ ៤ នៅ​តាម​ជាយក្រុង​វា​នឹង​មាន​ភាព​ងាយស្រួល​” ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​សម្រាប់​ថ្លៃ​សំរាម​នៅក្នុង​វិ​ក័យ​បត្រ​នៅ​ភ្លើង​នឹង​ត្រូវ​ដកចេញ​នៅក្នុង​ខែមករា​ឆ្នាំ​ ២០២០​ ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here