ដោយ វុត្ថា
ភ្នំពេញៈ ឥណទានគេហដ្ឋាន គឺជាប្រភេទផលិតផលឥណទាន មានរយៈពេលវែង ដែលបានបង្កើតឡើង ដើម្បីផ្តល់ជូនសាធារណជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ទិញគេហដ្ឋានដែលកំពុងតែសាងសង់ ឬសាងសង់រួចធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬក៏សម្រាប់យកទៅសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់។
១) ប្រភេទប្រាក់ ទំហំឥណទាន និងរយៈពេលឥណទាន
• ឥណទានគេហដ្ឋាន ត្រូវបានផ្តល់ជូនអតិថិជនជាប្រាក់ដុល្លារអាមេរិក និងមិនត្រូវលើសពី៧០ភាគរយ នៃតម្លៃសរុបរបស់គេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់នោះឡើយ។
• រយៈពេលខ្ចីអតិបរមា១០ឆ្នាំ ចំពោះ ៖
អតិថិជនជាកម្មករ និយោជិតកំពុងបម្រើការងារ ក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ឡើយ។
អតិថិជនផ្សេងទៀត ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់ កាលាវសាននៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ៦០ឆ្នាំឡើយ ។
២) លក្ខណសម្បត្តិអតិថិជនដែលអាចទទួលឥណទានគេហដ្ឋាន
• ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន
• មានមុខរបរ ប្រាក់បៀវត្សរ៍ ឬប្រភពចំណូលដែលមាននិរន្តរភាព និងមានលទ្ធភាពអាចសងបំណុលបាន។
• មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល
• មានទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮ ពីអាជ្ញាធរក្នុងតំបន់របស់ខ្លួនរស់នៅ។
• ធានាផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនធនាគារ។
• គេហដ្ឋានដែលទិញ ត្រូវស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់។
• មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅក្រៅ ពីតំបន់ប្រតិបត្តិការរបស់សាខាធនាគារ ដែលខ្លួនបានជំពាក់បំណុលរហូតដល់ពេលសងរួច៕